ព័ត៌មានជាតិ

កម្ពុជា អំពាវនាវ ឲ្យកំណត់ វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ

ភ្នំពេញ ៖ ប្រមុខរាជ រដ្ឋាភិបាល កម្ពុជា បានអំពាវនាវ ឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ ដែលមានថ្លៃសមរម្យ និងអនុញ្ញាត ឲ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បាន តាមតម្រូវការរបស់ខ្លួន ។

ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារវ៉ាក់សាំង ជាទំនិញ ដ៏សំខាន់ ក្នុងការជួយសង្គ្រោះ ជីវិតមនុស្ស ហើយកម្ពុជាស្វាគមន៍ នូវការកំណត់គោលដៅ ចាក់វ៉ាក់សាំង ជាពិសេស ការចាក់វ៉ាក់សាំង ឲ្យបានយ៉ាងតិច៧០% នៃប្រជាជនពិភពលោក។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីសម្រេចគោលដៅនេះ កម្ពុជា សូមអំពាវនាវឲ្យមាន ការកំណត់វ៉ាក់ សាំងកូវីដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ដ្រគន្លឹះ សកលដោយ គ្មានការរើសអើង ទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង ព្រមទាំង អំពាវនាវឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និងអនុញ្ញាតឲ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាកសាំងកូវីដ-១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានភាព តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង»

សម្ដេចតេជោ បានបន្ដថា ទន្ទឹមនេះ កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ កុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្រាប់កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដោយភាពស្វាហាប់ ជាមួយនឹងយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ។ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ដ្រគន្លឹះ គួបផ្សំជាមួយនឹងវិធានការ ចំនួន៣ទៀត រួមមាន ៖ ទី១-ការខិតខំទប់ស្កាត់ និងរុករកការឆ្លងឲ្យបានទាន់ពេល ,ទី២-ការពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាក់ព្យាបាល ប្រកបដោយស័ក្តិសិទ្ធភាព និងទី៣-ការអនុវត្តដោយហ្មត់ចត់នូវវិធានការផ្នែករដ្ឋបាល សុខាភិបាល និងច្បាប់ ក៏ដូចជា ការទាក់ទាញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និងគ្រប់រូប។

សម្ដេចតេជោ បានបន្ថែមថា សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្ដអនុវត្តវិធានការ បង្ការ ព្យាបាល និងចាក់វ៉ាក់សាំង ក៏ដូចជា រៀបចំក្របខណ្ឌ វាយតម្លៃហានិភ័យ គ្រប់ជ្រុងជ្រោយ ដើម្បីបើកដំណើរការ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញ លេញឡើងវិញជាជំហានៗ ក្នុងស្មារីប្រយ័ត្នប្រយែងខ្ពស់ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងជំរុញការវិនិយោគ លើវិស័យ សង្គមកិច្ច ពិសេស គឺការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្លើយតប ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅនឹងជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ នាអនាគត ៕

To Top