ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។ នេះបើយោងតាម ការចុះផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងឱកាស អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមកដល់ ៣លានដូសទៀត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិន ក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយៈឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស៕