Covid-19

កម្ពុជា យល់ស្របនឹងទស្សនៈថា មិនមានប្រទេសណា អាចបញ្ឈប់វិបត្តិ កូវីដ-១៩ តែម្នាក់ឯងបានទេ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជំងឺកូវីដ-១៩ តែម្នាក់ឯងបាននោះទេ ត្រូវធ្វើការរួមគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។

ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩ គឺជាវិបត្តិរួម។ ហេតុនេះ កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។ យើងត្រូវធ្វើការរួមគ្នា គាំទ្រគ្នា ទៅវិញទៅមក ហើយត្រូវចងចាំថា មិនមាននរណារម្នាក់អាចមានសុវត្ថិភាពនោះទេ ដ៏រាបណាទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព»។

សម្ដេចតេជោបញ្ជាក់ទៀតថា «ជាមួយគ្នានេះ ខ្ញុំសូមសង្កត់ធ្ងន់ថា យើងត្រូវតែរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងសមត្ថភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ»។

សម្ដេចតេជោ បានបន្ដថា កម្ពុជាចូលរួមជាមួយនឹងសហគមន៍អន្ដរជាតិ ក្នុងការប្ដេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង «សេចក្តីព្រាងគោលដៅ» ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលកូវីដ-១៩ សកលនេះ។ ជាការពិតគិត ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅបន្ដប្រឈមនឹងភាពមិនប្រាកប្រជាខ្ពស់ ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗរបស់វិរុសកូរ៉ូណាដែលមានសភាពកាន់តែកាចសាហាវ និងបន្ដរំខានដល់សកម្មភាព សង្គម-សេដ្ឋកិច្ចទូទៅ។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាឆ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឲ្យបាននូវការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬបម្រើរបៀបវារៈនយោបាយរបស់ខ្លួន៕

To Top