ភ្នំពេញ ៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន និង ជាតំណាងភាគីហត្ថលេខី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានលើកឡើងថា វិទ្យាស្ថានតេជោសែន គឺបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានជំនាញច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហា កង្វះអ្នកជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម នាពេលបច្ចុប្បន្ន ។
ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ហឿន សំនៀង បានថ្លែងថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងបណ្តុះបណ្តាល ធនធានមនុស្ស ឲ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិក សីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញ បច្ចេកទេស ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្ម នាពេលបច្ចុប្បន្ន និងនាពេលអនាគត សំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។
លោកបន្ដថា ទន្ទឹមនឹងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ធនធាននិស្សិត វិទ្យាស្ថាន ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងគ្រឹះស្ថានអប់រំ-ស្ថាប័ន ជាដៃគូមួយចំនួន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងក្រុមហ៊ុនឯកជនក្នុងស្រុក ដូចជា ក្រុមហ៊ុន RMA Cambodia និងសមាគមភស្តុភារកម្មកម្ពុជា ដែលការធ្វើកិច្ចសហប្រតិបត្ដិការ ទាំងអស់នេះ គឺជា «ការពង្រីកខាងក្រៅ ពង្រឹងខាងក្នុង» ពោលគឺពង្រីក កិច្ចសហប្រតិបត្ដិការ និងការគាំទ្រ ពីសំណាក់គ្រឹះស្ថាន-ស្ថាប័នអប់រំ, សមាគម, ដៃគូអភិវឌ្ឍន៍, ក្រុមហ៊ុនឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីពង្រឹងគុណភាពអប់រំ បណ្ដុះបណ្ដាលជូនដល់សិស្ស-និស្សិត និង សិក្ខាកាមរបស់វិទ្យាស្ថាន។
ដោយឡែក លោក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងថា កម្ពុជា ធនធានមនុស្សសម្រាប់បំពេញតម្រូវការឲ្យវិស័យភស្តុភារកម្ម នៅមានកង្វះខាតនៅឡើយ ដែលតម្រូវឲ្យសមាគម នៅតែខិតខំធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ តាំងពីថ្នាក់មូលដ្ឋាន រហូតដល់កម្រិតមធ្យម និងបានកំពុងឈាន មកដល់កម្រិតមួយដែលបណ្តា អ្នកធុរកិច្ចភស្តុភារកម្ម កំពុងតែត្រូវការជាចាំបាច់។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា នាឱកាសនេះ ភាគីទាំងពីរ បានឯកភាពគ្នា លើគោលការណ៍ ដូចជា៖ សហការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នា សម្រាប់វគ្គខ្លី មធ្យម និងវែង លើជំនាញភស្តុភារកម្ម និងជំនាញពាក់ព័ន្ធ, ផ្លាស់ប្តូរសិស្ស-និស្សិត សិក្ខាកាម សាស្រ្តាចារ្យ និង បុគ្គលិក, សហការសិក្សាស្រាវជ្រាវលើតម្រូវការនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្មវិធីសិក្សា ធនធាន និងសម្ភារបណ្តុះ បណ្តាលផ្សេងៗ, រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ កម្មវិធី និងព្រឹត្តិការណ៍នានា, ផ្តល់ការធ្វើទស្សនកិច្ចសិក្សា ការធ្វើកម្មសិក្សា ការបំពេញការងារ ហាត់ការ និងឱកាសការងារ នៅតាមបណ្តាក្រុមហ៊ុន ជាសមាជិក, និងលើកកម្ពស់ការយល់ដឹង លើវិស័យភស្តុភារកម្មនៅកម្ពុជា ជាដើម ៕