កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា នៅថ្ងៃទី ២៣ខែកញ្ញាឆ្នាំ ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី២នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី ២ និងនាំទៅវត្ថុបច្ច័យ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក ស្ថិតនៅក្នុងភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ។
តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ថ្ងៃកាន់បិណ្ឌវេនទី ២នេះ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានផ្ដួចផ្ដើម ដឹកនាំមន្ត្រី រាជការជាច្រើន មកចូលរួមកាន់បិណ្ឌ ជាមួយប្រជាពលរដ្ឋ នៅវត្តសន្ធររង្សី ហៅវត្តត្រើយព្រែកនេះ ។
មន្ត្រីដដែលបានបន្តថា ដោយសារប្រទេសជាតិរបស់យើង មានសុខសន្តិភាព ពេញលេញ ប្រជាពលរដ្ឋរស់នៅ បានសុខសាន្ត ទើបធ្វើឲ្យយើងមាន ឱកាសបានមកធ្វើបុណ្យបំពេញកុសល រួមជាមួយគ្នាក្នុងថ្ងៃនេះ ដោយបាននាំមកនូវទេយ្យទាន និងបច្ច័យវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកនេះ ។
មន្ត្រីដដែលបានបញ្ជាក់ថា ឱកាសនោះដែរ លោកអភិបាលខេត្ត និងមន្ត្រីក្រោមឱវាទ បានចូលរួមប្រគេនបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម នូវថវិកាចំនួន ៣,១៥០,០០០ រៀល ។ ដោយឡែកលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បានប្រគេនបច្ច័យសម្រាប់កសាងចំនួន ២លានរៀល និង១០០ដុល្លាផងដែរ ៕