Covid-19

មន្ទីរធម្មការរាជធានី-ខេត្ត ត្រូវជួយសម្រួលធានាដល់ ការនាំយកចង្ហាន់ប្រគេនព្រះសង្ឃ ក្រោយផ្អាកកាន់បិណ្ឌ និងភ្ជុំ

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវសម្របសម្រួល ជាមួយយន្ដការពាក់ព័ន្ធ ដើម្បីធានាដល់ការនាំយកចង្កាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនព្រះសង្ឃតាមបណ្ដាវត្តអារាម បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាករៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់គ្រប់វត្ដអារាមនៅ ទូទាំងប្រទេសនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ក្រសួងបន្ដថា ផ្សព្វផ្សាយដល់គ្រប់វត្តអារាម និងវិហារពាហិរសាសនា ត្រូវអនុវត្តនូវវិធានការ ការពារនានារបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ ៣ របស់រាជរដ្ឋាភិបាល។

ក្រសួងបញ្ជាក់ថា «ត្រូវសហការជួយសម្របសម្រួល ជាមួយយន្តការដែលមានការ ពាក់ព័ន្ធទាំងអស់ ដើម្បីធានា ដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា»។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី២៣ កញ្ញា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុក ខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសវត្ត២ ក្នុងរាជធានីភ្នំពេញ មានអ្នកឆ្លងជាបន្តបន្ទាប់ ៕

To Top
×