ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ សំខាន់ៗប្រចាំសប្ដាហ៍

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើតុលាការពិចារណាបញ្ឈប់ដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។

ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន។ នេះបើតាមសម្តេចតេជោបង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ២០ កញ្ញានេះ។

សម្តេចតេជោបន្តថា “ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៏សូម លើកទឹកចិត្តឲ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម” ។

សម្តេចតេជោក៏បានអំពាវនាវ ឲ្យភរិយា កូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំមានការព្រួយបារម្ភ ។

សូមបញ្ជាក់ថា ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យក្មេងពី៦ទៅ១២ឆ្នាំនាថ្ងៃ១៧ កញ្ញាសម្តេចតេជោ បានផ្ញើសារទៅលោកបណ្ឌិត សេង សារី អំពីការវិភាគរបស់ខ្លួន។ លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មីបានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលជាចំណុចសំខាន់លោកលើកឡើងនោះ គឺត្រង់លោកបានចេញមតិ ចំពោះគម្រោងការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ៕

ក្រសួងការពារជាតិ ដាក់កំហិតឲ្យ ប្ដូរចង្កូតរថយន្ដពាក់ផ្លាកលេខ ខ.មពីស្ដាំ មកឆ្វេងទាំងអស់

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានណែនាំដល់បណ្ដាស្ថាប័ន កងឯកភាពទូទាំង កងយោធពលខេត្តមរភូមិន្ទ ត្រូវប្ដូរចង្កូតរថយន្ដពីស្ដាំ មកឆ្វេង ឱ្យទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួង ការពារជាតិ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្តាស្ថាប័នកងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និងម៉ឺងម៉ាត់ចំពោះវិធានការ រាជរដ្ឋាភិបាលស្តីអំពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខ កងយោធពលខេមរភូមិន្ទ ខ.ម ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។

ក្រសួង បានបញ្ជាក់ថា «អនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេង ឱ្យបានទាន់ពេលវេលាកំណត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២»។

ក្រសួង បានបន្ថែមថា ការចុះបញ្ជីអនុញ្ញាត ឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានចំពោះយានយន្ត ដូចជា ៖ យានយន្តដែលរដ្ឋបំពាក់, យានយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ, យានយន្តជាអំណោយពីសប្បុរសជន ដែលបានបំពេញ កាតព្វកិច្ចពន្ធរួចរាល់, យានយន្តកម្មសិទ្ធ របស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែរច្នៃរៀបតម្លើងសារជាថ្មី, យានយន្តដែលទទួល បានពីការសម្រេចរបស់តុលាការ, យានយន្តដែលនាយទាហាន ប្រើប្រាស់ធនធានផ្ទាល់ខ្លួន ទិញដាក់បញ្ចូលប្រើប្រាស់ ក្នុងក្របខណ្ឌរដ្ឋដោយបានបំពេញ កាតព្វពន្ធរួចរាល់។

ក្រសួង បានបន្ថែមថា ចំពោះយានយន្តឯកជន ពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធ តាមសេចក្ដី ជូនដំណឹងរបស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិ នឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា ។ ក្នុងករណីយានយន្តឯកជន ពាក់ស្លាកលេខ ខ.ម ហើយមិនបានទៅបំពេញ កាតព្វកិច្ចពន្ធ តាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដា្ឋន គយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិ នឹងធ្វើការនិរាករណ៍ ស្លាកលេខ ដែលបានបំពាក់កន្លងមក ដោយស្វ័យប្រវត្តិ ៕

សម្ដេចតេជោ ៖ គុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិ នឹងទទួលរងវិបត្តិ និងមហន្តរាយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងសង្គមជាតិមួយ បើមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។

យោងតាមសារលិខិត ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រ និងបទពិសោធនៃសង្គមនីមួយៗ បានបង្ហាញឲ្យឃើញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅ បានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។

សម្ដេចតេជោ បានបញ្ជាក់ថា «ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយ ដែលមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើង មានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ»។

សម្ដេចតេជោ បានបន្ដថា មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅ ប្រកបដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។

សម្ដេចតេជោ បានបន្ថែមថា ក្នុងការប្រតិបត្តិក្នុងសង្គម ប្រជាជនមិនត្រឹមតែមានទម្លាប់គោរព ព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោល នៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អ សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់មនុស្សវ័យចាស់ ដែលបានបន្សល់ទុកនូវសមិទ្ធផល និងមរតកជាច្រើននោះ រាជរដ្ឋាភិបាលបានរៀបចំ និងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ ជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាព របស់មនុស្សវ័យចាស់ ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើតមូលនិធិជនពិការ របបគោលនយោបាយ​ ចំ​ពោះជនពិការក្រីក្រតាមសហគមន៍៕

ព្រលាន យន្តហោះ «តារា សាគរ» គ្រោងបើកដំណើរការសាកល្បង នៅចុងឆ្នាំនេះ

ភ្នំពេញ៖ អាកាសយានដ្ឋាន អន្តរជាតិ «តារា សាគរ» ដែលស្ថិតក្នុងខេត្តកោះកុង បានត្រៀមនឹងបញ្ចប់ ការងារសាងសង់ក្នុងខែតុលា និងប្រុងបើកដំណើរ ការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិ តារា សាគរ ត្រូវបាន អភិវឌ្ឍ ដោយ ក្រុមហ៊ុន ចិន Tianjin Union Development Group (UDG) ក្រោម ទុន ជាង ២០០ លាន ដុល្លារ អាមេរិក ។ គម្រោង នេះ គ្របដណ្តប់ លើ ផ្ទៃដី ទំហំ ៤,៥ ហិកតា ក្នុងចំណោម ផ្ទៃដី ទំហំ ៤៥.០០០ ហិកតា នៅក្នុង តំបន់ ឧទ្យាន ជាតិ បុ ទុម សាគរ ។ ផ្លូវរ ត់របស់ ព្រលានយន្តហោះ មាន ប្រវែង ៣.២០០ ម៉ែត្រ និង ទទឹង ប្រវែង ៤៥ ម៉ែត្រ ដែលមាន សមត្ថភាព អាច ទទួល ការ ចុះចត យន្តហោះ ធុន Boeing 777 និង Airbus 340 ដែលជា ប្រភេទ យន្ដហោះ ខ្នាត ធំ ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ដែលជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍តំបន់ វិស្សមកាលទេសចរណ៍ តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន ។

ការឱ្យដឹងបែបនេះធ្វើឡើង នៅក្នុងឱកាស លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន សាងសង់អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ចូលជួបសំដែងការគួរសម នោព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងជំនួបនេះ ភាគីខាងក្រុមហ៊ុន បានឱ្យដឹងអំពី៖
១-ការត្រៀមនឹងបញ្ចប់ ការងារសាងសង់ក្នុងខែតុលា ខាងមុខនេះ
២-ការងារ ដែលនៅសេសសល់ និងបញ្ហាប្រឈម
៣-ការត្រៀមបើកដំណើរការសាកល្បង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ

ជាការឆ្លើយតប លោក ម៉ៅ ហាវណ្ណាល់ បានឯកភាពក្នុងការត្រៀមបញ្ចប់ ការសាងសង់ និងការដាក់ឱ្យដំណើរការ សាកល្បងស្របតាម លក្ខណៈបច្ចេកទេស ចំពោះការសម្ភោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនឹងត្រូវធ្វើនៅពេលក្រោយ តាមពេលវេលាសមស្របណាមួយ៕

សម្ដេច ស ខេង ស្នើកាត់បន្ថយប៉ូលីស ចរាចរណ៍តាមផ្លូវ តែត្រូវបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស ជំនួសវិញ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យកាត់បន្ថយចំនួន នគរបាលចរាចរណ៍ តាមដងផ្លូវ ដោយជំនួសមកវិញ ដោយការបំពាក់ឧបករណ៍ សម្ភារៈ និងបច្ចេកទេស ហើយត្រូវធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេច ស ខេង បានលើកយោបល់ ឲ្យមានការគិតការគូពិចារណា ឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំង នគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។

សម្ដេចបញ្ជាក់ថា «ខ្ញុំសូមស្នើថា យើងគួរឯកភាគ្នាជាគោលការណ៍រួម ជាយុទ្ធសាស្ដ្ររួម យើងថា ត្រូវឈានកាត់បន្ថយនគរបាលចរាចរណ៍ ដោយជំនួយមកវិញដោយឧបករណ៍ សម្ភារៈ និងបច្ចេកទេស»។

សម្ដេចបន្ដថា «បើយើងចំណាយថវិកា ដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើន កម្លាំងនគរបាល តើមួយណាមាន លក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង។ និយាយអ៊ីចឹង មិនមែនមានន័យថា លែងឲ្យមានកងកម្លាំង នគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក៏បានគូសបញ្ជាក់ទៀតថា ប្រើប៉ូលីសតិច តែត្រូវមានប្រសិទ្ធភាពខ្ពស់ ។ សម្ដេចបានគូសបញ្ជាក់ អំពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឲ្យមើលស្រាលបញ្ហានេះ និងបានស្នើអភិបាល រាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូស ចរាចរណ៍នេះឲ្យបាន ពីព្រោះការងារនេះ ក៏ជាសេវាសាធារណៈចាំបាច់មួយ ជូនប្រជាពលរដ្ឋដែរ។

សូមរំលឹកថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ ចំនួន១០៥.៩៩៥គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន៧៧.៧៩៤គ្រឿង ស្មើនឹង៧៣ភាគរយ ហើយក្នុងចំណោម៧៣ ភាគរយនោះ មាន៩០ភាគរយមិនពាក់មួកសុវត្ថិភាព ៦ភាគរយល្មើសសញ្ញាចរាចរណ៍ ២ភាគរយគ្មានស្លាកលេខ ២ភាគរយប្រើទូរសព្ទ និង ១ភាគរយទៀតស្រវឹងស្រា៕

គណៈមេធាវីកម្ពុជា នឹងចាត់ការមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលបង្ហោះលក់​ សំឡេងឆ្នោត១សន្លឹក តម្លៃ១ពាន់ដុល្លារ

ភ្នំពេញ ៖ លោក ផាន់ ច័ន្ទស័ក្តិ ដែលជាមេធាវី កាន់អត្តលេខ២៥៣ ដែលបានបង្ហោះជាសាធារណៈ លក់សំឡេងឆ្នោត១សន្លឹក តម្លៃ១០០០ដុល្លារ គឺជាអំពើបំពាន ក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត ហើយគណៈមេធាវីកម្ពុជា នឹងចាត់ការចំពោះករណីនេះ ។

ការប្រកាសលក់សន្លឹកឆ្នោតនេះ ខណៈកំពុងដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី១០ (២០២១-២០២២)។

គណៈមេធាវីកម្ពុជា ប្រកាសថ្កោលទោស ចំពោះសកម្មភាពមិនគប្បី របស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ។

គណៈមេធាវីកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃ២២ កញ្ញានេះ បានឲ្យដឹងថា មេធាវី ផាន់ ច័ន្ទស័ក្តិ បង្ហោះជាសាធារណៈក្នុងគ្រុបតេឡេក្រាមឈ្មោះ “CLO-មតិមេធាវីកម្ពុជា” កាលពីថ្ងៃ១៨-១៩ កញ្ញា ថា “លក់សំឡេងឆ្នោត បោះឆ្នោតជូន១សន្លឹកសំឡេងឆ្នោត តម្លៃ១០០០ដុល្លារ” ក្នុងពេលបេក្ខជនឈរ ឈ្មោះបោះឆ្នោត កំពុងឃោសនាបោះឆ្នោត ។

គណៈមេធាវីបន្តថា អំពើនេះ ជាការបំពានលើក្រមសីលធម៌ មេធាវី និងសេចក្តីសម្រេច ស្តីពីការឃោសនា បោះឆ្នោត ជ្រើសតាំងសមាជិក ក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ (២០២១-២០២២) ក្នុងចេតនាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរបស់គណៈមេធាវី បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិក-សមាជិកាគណៈមេធាវី ។

ប្រភពបន្តថា “គណៈមេធាវីនឹងមានវិធានការ យ៉ាងតឹងរឹងចំពោះមេធាវី ផាន់ ច័ន្ទស័ក្តិ”៕

សម្តេចតេជោ ឲ្យពិចារណាថា គួរផ្អាកបុណ្យកាន់បិណ្ឌ និងភ្ជុំ បើមិនផ្អាកត្រូវកាត់បន្ថយមនុស្ស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ក្រសួង សុខាភិបាល ធ្វើការពិចារណា តើគួរផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយ ក្រោយពីមានវត្តមួយ ចំនួនឆ្លងជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋពីគ្រប់ទីកន្លែង ចូលទៅកាន់វត្តអារាម ស្របពេលមានវត្តមានវីរុស ដែលតា ចូលមកដល់ដែលសភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយ ដ៏ធ្ងន់ធ្ងរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរផ្អាកពិធីបុណ្យភ្ជុំបិ ណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយដែលអាចធ្វើទៅបាន។ ប្រសិនបើទុកទៅឲ្យតាមរបៀបដែលយើងបាននិងកំពុងដំណើរការនេះ ខ្ញុំគិតថា ទោះបីយើងស្រោចវ៉ាក់សាំងយ៉ាងណាក៏ដោយ ទោះបីយើងធ្វើយ៉ាងណាក៏ដោយ យើងមិនជៀសផុសនូវការជួបជុំតាមវត្ត ហើយជាប្រភពនៃការចម្លងដ៏គ្រោះថ្នាក់បំផុត»។

សម្ដេចតេជោ ស្នើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងធម៌ការ និងសាសនា និងពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យបញ្ហាខាងលើនេះដោយត្រឹមត្រូវបំផុត ហើយជំងឺកូវីដ-១៩ អាចងើបឡើងវិញនៅពេលរដូវភ្ជុំបិណ្ឌនេះតែម្ដង។ ដូច្នេះ ត្រូវគ្រប់គ្រងបញ្ហាទាំងនេះឲ្យបាន ខណៈ សម្ដេច មានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងចំនួនមនុស្សស្លាប់ អាចមានការកើនឡើង ដែលបង្កហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។

សម្ដេចតេជោ បានបន្ដថា បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឲ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។ សម្តេច សូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ចំពោះមុខស្ថានភាពដ៏លំបាករបស់សង្គមជាតិនាពេលនេះ។ សម្តេច រំពឹងថា ក្រោយពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះទៅ នឹងមានមហន្តរាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះតែជំងឺកូវីដ១៩។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា នៅតាមជនបទមានការឆ្លងជំងឺកូវីដ-១៩ ច្រើន ដែលអាចឈានបំផ្លាញការបិទសាលា រៀន ព្រោះថា អ្នកទីក្រុងទៅលេងជនបទច្រើន ដូច្នេះ ឆ្លងពីតំបន់មួយ ទៅតំបន់មួយទៀត ដោយគ្មានការទប់ស្កាត់៕

លោក សម រង្ស៊ីថា ឲ្យអ្នកទៅបង្កើតបក្សថ្មី ជាបន្លាយួន តែលោក គង់ គាំវាយបកថា សម រង្ស៊ី ជាពូជក្បត់ជាតិ បំរើឲ្យយួនសេរី

ភ្នំពេញ ៖ ថ្មីៗនេះ ក្នុងជំនួបជាមួយអ្នកគាំទ្រ នៅប្រទេសកាណាដា លោក សម រង្ស៊ីបានប្រកាសក្តែងៗថា អ្នកចេញទៅបង្កើត គណបក្សថ្មីគឺជាបន្លាយួន ហើយមិនមែនជាអ្នកស្នេហាជាតិ ប៉ុន្តែលោក គាំ គង់ ដែលមានកូនប្រុសឈ្មោះ គង់ ម៉ូនីកា បង្កើតបក្សឆន្ទៈខ្មែរមុនគេ ក្នុងចំណោមអតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ(CNRP) បានចេញមកការពារទាំងកូនខ្លួន និងអ្នកផ្សេង ដោយបានវាយបកទៅ លោក សម រង្ស៊ីវិញថា គឺជាពូជក្បត់ជាតិ ដែលបំរើឲ្យយួន សេរី ឈ្មោះ កុក ស ។

លោក ​សម រង្ស៊ី  ប្តេជ្ញាជាថ្មីថានឹងវិលមកកម្ពុជាវិញដើម្បីផ្លាស់ប្តូរមេដឹកនាំថ្មី

លោក សម រង្ស៊ី ក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ នៅទីក្រុងម៉ុងរេអាល់ ខេត្តកេប៊ិក ប្រទេសកាណាដា កាលពីថ្ងៃ១៨១៩ កញ្ញា បានថ្លែងថា អ្នកចេញទៅបង្កើតបក្សថ្មី ជាបន្តបន្ទាប់ គឺមិនមែនជាពូជស្នេហាជាតិទេ តែអាចចេញទៅជាបន្លាយួនទៅវិញ។

ឃើញបែបនេះ លោក គង់ គាំ បច្ចុប្បន្ន ជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានថ្លែងថា “តើសមហេតុផលដែរទេ បើតប សម រង្ស៊ី ដែលថា បណ្តាគណបក្សបែកចេញពីអតីតCNRP ជាពូជមិនស្នេហាជាតិ និងជាបន្លាយួន នៅពេលដែលខ្លួនជាពូជក្បត់ជាតិ និងក្រុមឧទ្ទាមក្រៅច្បាប់ បំរើគំនិតពួកយួនសេរី(កុក ស) និងមហាអំណាច/សម្ព័ន្ធមិត្តខ្លះ ដែលដាក់សម្ពាធ ចង់បង្កចលាចលតាមសេណារីយ៉ូ៦ ដូចនៅហុងកុង/ ថៃ/ និងនៅភូមា នោះ” ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្កើតបក្សចំនួន៦ហើយរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំ)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) ៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) និងគណបក្សកម្ពុជានិយម «ប.ក» (លោក យ៉ែម បុញ្ញឬទ្ធិ) ៕

លោក កឹម សុខា ស្នើឲ្យជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នា

ភ្នំពេញ ៖ ក្នុងទិវាអបអរសាទខួប២៨ឆ្នាំ(២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃការប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៣ កញ្ញានេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិបានស្នើឲ្យរួមគ្នាការពាររដ្ឋធម្មនុញ្ញ និងមិនត្រូវរំលោភបំពានឡើយ ដោយត្រូវជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នានៅក្នុងសង្គម ។

វិភាគ៖ តើកឹម សុខា អាចនឹងត្រូវដោះលែងដែរឬទេមុនពេលលោកសមរង្ស៊ីមកដល់? - WMC

បច្ចុប្បន្នឃើញថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលមាននិន្នការទៅរកលោក សម រង្ស៊ី និងលោក កឹម សុខា បានបើកការវាយប្រហារគ្នាទៅវិញទៅមក ដោយសារកាន់ជើងមេរៀងៗខ្លួន។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក កឹម សុខា បានលើកឡើងថា ត្រូវរួមគ្នា ការពារ គោរព និងអនុវត្តន៍ រដ្ឋធម្មនុញ្ញ តាមស្មារតីដើមដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ជាមូលដ្ឋាន។ ក្នុងនោះត្រូវរួមគ្នាបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ ដោយកុំបំពានលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ កុំងាកចេញពីរគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយច្បាប់កំពូលរបស់។

លោកបន្តថា “ត្រូវរួមគ្នា ពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមក លើកកម្ពស់គុណធម៌ និងសីលធម៌។ ជម្រុះចេញនូវអំពើហិង្សា បង្កការឈឺចាប់ និងការជេរប្រមាថគ្នា ដែលនាំមកនូវការបែកបាក់ និងមហន្តរាយដល់សង្គមជាតិ”។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជាជាផ្លូវការ។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស”។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១-អំណាចនីតិបញ្ញត្តិ , ២-នីតិប្រតិបត្តិ និង៣-តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម៕

មន្ទីរធម្មការរាជធានី-ខេត្ត ត្រូវជួយសម្រួលធានាដល់ ការនាំយកចង្ហាន់ប្រគេនព្រះសង្ឃ ក្រោយផ្អាកកាន់បិណ្ឌ និងភ្ជុំ

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវសម្របសម្រួល ជាមួយយន្ដការពាក់ព័ន្ធ ដើម្បីធានាដល់ការនាំយកចង្កាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនព្រះសង្ឃតាមបណ្ដាវត្តអារាម បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាករៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់គ្រប់វត្ដអារាមនៅ ទូទាំងប្រទេសនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ក្រសួងបន្ដថា ផ្សព្វផ្សាយដល់គ្រប់វត្តអារាម និងវិហារពាហិរសាសនា ត្រូវអនុវត្តនូវវិធានការ ការពារនានារបស់ ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ ៣ របស់រាជរដ្ឋាភិបាល។

ក្រសួងបញ្ជាក់ថា «ត្រូវសហការជួយសម្របសម្រួល ជាមួយយន្តការដែលមានការ ពាក់ព័ន្ធទាំងអស់ ដើម្បីធានា ដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនានា»។

សូមរំលឹកថា កាលពីរាត្រីថ្ងៃទី២៣ កញ្ញា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុក ខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសវត្ត២ ក្នុងរាជធានីភ្នំពេញ មានអ្នកឆ្លងជាបន្តបន្ទាប់ ៕

To Top
×