ព័ត៌មានជាតិ

កម្ពុជា នឹងព្យាយាម ដោះស្រាយបញ្ហាប្រឈម ពេលធ្វើជាប្រធាន អាស៊ាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា កម្ពុជានឹងព្យាយាមដោះស្រាយ បញ្ហាប្រឈម ទាំងឡាយក្នុងតំបន់ នៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ។

ថ្លែងក្នុងអង្គមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ ថា ពិភពលោក នៅតែត្រូវដោះស្រាយ នូវបញ្ហាប្រឈមជាច្រើនផ្សេងទៀត ដូចជា ៖ ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រ នយោបាយ និងការប្រឈមមុខដាក់គ្នា រវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធ ដណ្តើមទឹកដី, អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ។ សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរង នូវសម្ពាធ ធ្ងន់ធ្ងរដូចមុនដដែល។

សម្ដេចតេជោ បានបន្ដថា ប្រវត្តិសាស្ត្របានប្រាប់ម្តង ហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែ អាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធ អភិបាលកិច្ច ផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ ។ ផ្ទុយទៅវិញ, ជម្រើសទាំងអស់នេះ បានត្រឹមនាំមក នូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈម រួមនៅក្នុងតំបន់។ជាមួយនឹងសាមគ្គីភាព ដ៏រឹងមាំរវាងប្រទេស សមាជិក អាស៊ាន និងការគាំទ្រពីដៃគូ ខាងក្រៅ កម្ពុជានឹងបន្តជំរុញដំណើរ ការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរ បស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់ សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ ពិភពលោក»។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញការកសាង សហគមន៍អាស៊ានមួយប្រកប ដោយភាពរស់រវើក និង សុខដុមរមនា ជាមួយនឹងការការពារ ដល់ពលករចំណាកស្រុក, របៀបវារៈការអភិវឌ្ឍន៍ ដែលមាន ភាពបៃតង និងបរិយាប័ន្នការ ធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់ សហគ្រិនភាព របស់ស្ត្រី និងយុវវ័យ៕

To Top