ភ្នំពេញ ៖ គណៈគ្រប់គ្រង និងគ្រូបង្រៀន ចំនួន ១៩៧នាក់ មកពីវិទ្យាល័យធនធាន ចំនួន៣ វិទ្យាល័យ ទទួលបានការបណ្ដុះបណ្ដាល របៀបបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងអប់រំ នាថ្ងៃ២៧ កញ្ញា។

វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្រៀន ចំនួន ១៩៧នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ឈូក វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត និង វិទ្យាល័យឧត្ដុង្គ ខេត្តកណ្ដាល ។ វគ្គបណ្ដុះ បណ្ដាលនេះ រៀបចំឡើងតាមរយៈគម្រោងអភិវឌ្ឍន៍ វិស័យអប់រំនៅមធ្យម សិក្សាទុតិយភូមិ (USESDP) គាំទ្រដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB)។ ធ្វើឡើងពី២៧ ដល់ ២៩ កញ្ញា ២០២១ តាមប្រព័ន្ធអនឡាញទាំងស្រុង ។
ពិធីបើកវគ្គបណ្ដុះបណ្ដាល តាមប្រព័ន្ធអនឡាញ មានការអញ្ជើញជាអធិបតីភាព ដោយលោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានគ្រប់គ្រង គម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ (USESDP) លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ។
លោកបណ្ឌិត ឌី សមស៊ីដេត បានបញ្ជាក់ពីការ អភិវឌ្ឍសមត្ថភាព របស់បុគ្គលិកអប់រំត្រូវធ្វើជាប្រចាំ ដើម្បីខ្លួងឯង គ្រួសារ សង្គម ជាពិសេសសម្រាប់ ចែករំលែក ចំណេះដល់ សិស្សានុសិស្ស ព្រោះថា ការអប់រំ គឺ ត្រូវអប់រំ ពេញមួយជីវិត។ លោកបណ្ឌិតក៏បានរំលឹក ពីការអភិវឌ្ឍ សមត្ថភាព ធ្វើយ៉ាងណាឲ្យ គណៈគ្រប់គ្រង និងគ្រូបង្រៀន ក្លាយជាធនធានមនុស្ស ពិតប្រាកដ តាមរយៈការបណ្ដុះបណ្ដាលនានា និងការ សិក្សាពេញមួយជីវិត។

វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធ អនឡាញទាំងស្រុងនេះ មានគោល បំណងឲ្យគណៈគ្រប់គ្រង សាលារៀន លោកគ្រូ អ្នកគ្រូ ចេះប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀន ដើម្បីធានាការបន្តផ្ដល់សេវាបង្រៀន ដល់សិស្ស ដោយអនុវត្តតាមគន្លងថ្មី គឺការប្រើប្រាស់បច្ចេកវិទ្យាបង្រៀន តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ជា ឧបករណ៍ជំនួយបន្ថែមលើការបង្រៀន នាថ្ងៃអនាគត ស្របតាមបរិបទការ អប់រំឌីជីថល ។ ក្នុងបរិបទថ្មីនេះ គ្រូ បង្រៀនទាំងអស់ ចាំបាច់បំផុត ក្នុងការអភិវឌ្ឍសមត្ថភាព លើការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ហើយការអភិវឌ្ឍនេះ គឺដើម្បីបន្ស៊ីជា មួយសម័យឌីជីថលផង និងដើម្បីស្វែងរកវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងការបញ្ច្រាបសេវា អប់រំដល់អ្នកសិក្សា រៀនសូត្រ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន និងស្របតាមវិធាននានា របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយ ទប់ស្កាត់ ការរីករាលដាល នៃជំងឺ កូវីដ-១៩ នៅកម្ពុជាផងដែរ ៕
