ព័ត៌មានជាតិ

អ្នកនាំពាក្យ​ ស្នងការភ្នំពេញ បដិសេធថា ប៉ូលីសអនុវត្តច្បាប់ចរាចរណ៍ មិនមែនធ្វើឡើង ដើម្បីរកប្រាក់ចូល ហោប៉ៅទេ (Video)

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបដិសេធ ចំពោះការចុះផ្សាយថា សកម្មភាពសមត្ថកិច្ចនគរបាល ដាក់ពង្រាយអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ធ្វើឡើងដើម្បីរកប្រាក់ ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

ការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់អ្នកនាំពាក្យនេះ ក្រោយពីសារព័ត៌មាន The Cambodia Daily Khmer កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានផ្សាយ ដែលមានខ្លឹមសារថា “មន្រ្តីរាជការថ្នាក់ទាប និងសាធារណៈជន សម្តែងការហួសចិត្ត កាលបើពិនិត្យឃើញថា សកម្មភាព របស់សមត្ថកិច្ច នគរបាលដែលដាក់ពង្រាយ ការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស កម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ រាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក ឲ្យមានប្រសិទ្ធភាព” ។

អ្នកនាំពាក្យអះអាងថា នេះជាការ ផ្សព្វផ្សាយព័ត៌មាន មិនពិត ហើយថា ការចុះផ្សាយមាន លក្ខណៈប្រមាថ មកលើមន្ត្រី អនុវត្តច្បាប់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់កងកម្លាំង នគរបាលជាតិ ។

អ្នកនាំពាក្យស្នងការនគរបាល រាជធានីភ្នំពេញបន្តថា ចំពោះករណីចោទប្រកាន់នេះ មានគោលបំណង អាក្រក់ វាយប្រហារមកលើកងកម្លាំង អនុវត្តច្បាប់ទាំងអស់ ជាពិសេសមានបំណងទុច្ចរិត ក្នុងការបង្ខូចកិត្តិយស របស់មន្ត្រីអនុវត្តច្បាប់ ។ ជាក់ស្តែងមន្ត្រី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអនុវត្តតាមលិខិតបទដ្ឋាន គតិយុត្តនានាបានយ៉ាងត្រឹមត្រូវ ពាក់ព័ន្ធជាមួយការងារចរាចរណ៍ ។

លោក សាន សុខសីហា បកស្រាយទៀតថា ក្នុងការចុះត្រួតពិនិត្យអនុវត្តច្បាប់ ចំពោះយានយន្តគ្រប់ប្រភេទ និងបានធ្វើការអប់រំណែនាំ ដល់មន្រ្តីក្រោមឱវាទ ឲ្យអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅជួយសម្រួលមិនឲ្យមាន ការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ លុបបំបាត់បទល្មើសផ្សេងៗនៅលើដងផ្លូវ ជាពិសេសអប់រំណែនាំប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវ ឲ្យគោរពច្បាប់ ជាជាងខ្លាចប៉ូលិស ។ ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ បំពេញ មុខងារភារកិច្ច របស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក គឺទទួលបានលទ្ធផលវិជ្ជមាន និង ទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ទៅវិញទេ ៕

To Top