ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ៧ ចំណុចដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩

កំពង់ចាម ៖ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើ ជាបន្តបន្ទាប់ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ អភិបាល ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដាក់ គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឲ្យអាជ្ញាធរ ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធយក ទៅអនុវត្ត ក្នុងទិសដៅទប់ស្កាត់ការ ឆ្លងរាលដាលកាន់តែធំ ។

វិធានការទាំង ៧ ចំណុចដែល លោក អភិបាលខេត្តកំពង់ចាម បានដាក់ចេញក្នុងអង្គប្រជុំនោះគឺ ៖

ទី១ ត្រូវបង្កើនការផ្សព្វផ្សាយ សារអប់រំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត នៅតាមមូលដ្ឋាន ជាពិសេសតាមទីប្រជុំជនដូចជា ទីផ្សារជាដើម ។

ទី២ ត្រូវពង្រឹងផ្នែកប្រជាពលរដ្ឋ ធ្វើចត្តាឡីស័ក ជាពិសេសការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានប្រភេទ ដែលតា ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ។

ទី៣ សូមឱ្យផ្នែកសុខាភិបាលធ្វើយ៉ាងណា ព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ឲ្យបានហ្មត់ចត់ និងហាមដាច់ខាត អ្នកជំងឺមកអង្គុយលេងផ្ទះអ្នកជិតខាង ។

ទី៤ ត្រូវអនុវត្តច្បាប់ទៅលើជនខិលខូចទាំងឡាយ ដែលព្យាយាមគេចវេសពីការព្យាបាល បូករួមទាំងការមិនគោរព ទៅតាមវិធានការការពារជំងឺឆ្លងនេះ ត្រូវតែអនុវត្តច្បាប់តាមបទល្មើសជាក់ស្ដែង ។

ទី៥ ត្រូវពិនិត្យមើល ឱ្យបានត្រឹមត្រូវអំពីអ្នកចំណូលស្រុក ជាពិសេសអ្នកចំណូល ស្រុកមកពីតំបន់ ដែលមានហានិភ័យខ្ពស់ ត្រូវតែឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ ។

ទី៦ ត្រូវជំរុញនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន ជាពិសេសតាមទីផ្សារ ។

ទី៧ ចំពោះសាលារៀន ត្រូវពិនិត្យមើលបើមានវិជ្ជមានកូវីដ១៩ ក្នុងថ្នាក់ណា ត្រូវធ្វើការព្យាបាល និងសិស្សពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចំពោះតែថ្នាក់នោះ ពោល គឺមិនមែនបិទសាលានោះទេ ។

To Top