បន្ទាយមានជ័យ ៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចផ្ទះបងប្អូន ប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈម ចំពោះមុខអាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា ត្រូវត្រៀម ជាស្រេច នូវសម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រកស្នាក់នៅ បណ្ដោះអាសន្ន នៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ ។ ពលរដ្ឋដែលត្រូវជម្លៀស គឺនៅចំនុចស្ពានសែសិន និង ផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកបានបន្តថា អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិច និងអ្នកនៅដាច់ស្រយាល ត្រូវទាក់ទងមកសមត្ថកិច្ច ដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ៕

