ព័ត៌មានជាតិ

ការអភិវឌ្ឍទេសចរណ៍ ពិភពលោក បន្ទាប់ពីវិបត្តិ កូវីដ ត្រូវរុញឱ្យដល់មូលដ្ឋាន ជនពិការ ជនជាតិភាគតិច និងស្ត្រីជាដើម

ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាលោក ហ្ស៊ូរ៉ាប ប៉ូឡូលីកាសវីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក នាឱកាសទិវាទេសចរណ៍ ពិភពលោកខួបលើកទី៤១ ឆ្នាំ២០២១ សុទ្ធតែបានគូសបញ្ជាក់ ពីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយបរិយាបន្ន ស្តារកំណើនទេសចរណ៍ និងបើកទទួលទេសចរណ៍ឡើងវិញ ក្នុងនោះប្រមុខអង្គការអន្តរជាតិទាំងពីរនេះ បានផ្ដល់អនុសាសន៍ថា ការអភិវឌ្ឍទេសចរណ៍ពិភពលោកបន្ទាប់វិបត្តិកូវីដ១៩តទៅ ត្រូវរុញឱ្យដល់មូលដ្ឋានជនពិការ ជនជាតិភាគតិច ក៏ដូចជាស្ត្រីជាដើម។

ក្នុងសារលិខិត អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ដែលត្រូវបានចាក់ផ្សាយក្នុងឱកាស ដែលកម្ពុជាប្រារព្ធទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពីទីស្ដីក្រសួងទេសចរណ៍ នៅចំពោះមុខនៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ រាប់រយលាននាក់ ដោយសារ វិបត្តិកូវីដ-១៩ ប្រមុខស្ថាប័ន អន្តរជាតិទាំងពីររូបនេះ បានគូសបញ្ជាក់ពីចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយបរិយាបន្ន និងចីរភាព ឆ្ពោះទៅរកភាពធន់ និងកំណើនប្រកប ដោយបរិយាបន្ន។

ជាការកត់សម្គាល់ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺមានតែទេសចរណ៍មួយប៉ុណ្ណោះ ដែលជាវិស័យដែលបានផ្តល់ ផលប្រយោជន៍ ទៅដល់គ្រប់បណ្តា ជនដែលងាយរងគ្រោះ និងដែលត្រូវបានមើលរំលង ដូចជា ជនមានពិការភាព ជនជាតិភាគតិច និងស្ត្រីជាដើម។ ប្រឈមមុខនឹងវិបត្តិកូវីដ-១៩នេះ បណ្តាជនទាំងនេះជាអ្នកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុត។

ជាការដាស់តឿន របស់អគ្គលេខាធិការអង្គការទាំងពីខាងលើ, ស្របតាមពេលវេលា និងភាពចាំបាច់ ពេលនេះជាពេលដែលត្រូវគិតសាជាថ្មី ផ្លាស់ប្តូរ និងចាប់ផ្តើមបើកវិស័យទេសចរណ៍ ឡើងវិញប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមជួយដល់ ការកសាងសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពធន់ និរន្តរភាព សមភាពយេនឌ័រ និងបរិយាបន្នសម្រាប់មនុស្ស គ្រប់គ្នាឆ្ពោះទៅរកទេសចរណ៍បៃតង និងរក្សាលំនឹងកាបូន (C)។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានប្រកាសជ្រើសរើស បេក្ខជន-បេក្ខនារី ដែលជាមន្រ្តីទេសចរណ៍ ផ្នែកឯកជន និងសិស្សនិស្សិត ទទួលយកអាហារូបករណ៍ចំនួន ៥០កន្លែង ដែលផ្តល់ដោយ អង្គការទេសចរណ៍ពិភពលោក (UNWTO) ដល់កម្ពុជាដែលជាកម្មវិធី ជួយស្តារវិស័យទេសចរណ៍ ប្រទេសសមាជិកឡើងវិញ។

ការសិក្សាអាហារូបករណ៍ចំនួន ៥០កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ គឺផ្តោតលើ៖
១៖ យុទ្ធសាស្រ្តធុរកិច្ច
២៖ គណនេយ្យ និងហិរញ្ញវត្ថុ
៣៖ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល
៤៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ
៥៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល៕

To Top