ព័ត៌មានជាតិ

ម្ចាស់យានយន្ដត្រូវ រួសរាន់បង់ពន្ធឲ្យទាន់ពេលវេលា ព្រោះផុតកំណត់ ថ្ងៃទី៣០ វិច្ឆិកា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់យានយន្ដទាំងអស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធឲ្យទាន់ពេលវេលា ព្រោះផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់ យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន»។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំពោះយានយន្តរបស់ ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយ័ន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើតឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ សង្ឈឹមនិងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top