ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍តម្កល់ទោស បុរសចំណាស់សិង្ហបុរីម្នាក់ ដាក់គុក ២៥ ឆ្នាំ ពាក់ព័ន្ធការរក្សាទុក, ការចែកចាយ និង ផលិតផលគ្រឿងញៀន នៅកម្ពុជា!!!

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទណ្ឌកម្មបុរសចំណាស់ ជនជាតិសិង្ហបុរីម្នាក់ ដោយដាក់គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, រក្សាទុក, ជួញដូរ និង ផលិតផល ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចន្លោះ ឆ្នាំ ២០១៤ និង ២០២០។

លោកពៅ ភូស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹង ក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ គី បេងហ័រ (KEE BENG HWA) ភេទប្រុស អាយុ ៧២ ឆ្នាំ ជាជនជាតិសិង្ហបូរី មុខរបរ មិនពិតប្រាកដ ។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទ Kee Beng Hwa ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០លានរៀល ដាក់ចូលក្នុងថវិកាជាតិ។

ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ” ប្រើប្រាស់, រក្សាទុក, ជួញដូរ និង ផលិតផល ដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញត្តិមាត្រា ៣៩, ៤០ និង ៤៥ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីសុំបន្ធូរបន្ថយទោស។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ជាមួយនឹងស្រ្តីខ្មែរម្នាក់ ឈ្មោះ ខៀវ ស្រីទូច អាយុ ៣២ឆ្នាំ នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការរបស់កម្លាំងនគរបាលជំនាញ និង ការឃាត់ខ្លួនពួកគេ, សមត្ថកិច្ចនគរបាលជំនាញ រឹបអូ បានសារធាតុញៀន ជាច្រើន ប្រភេទ មានទម្ងន់ ១.៤៩៣,៧៣ក្រាម រួមមាន៖ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧.៧៧ក្រាម, កេតាមីន ទម្ងន់ ២៧.៧៧ក្រាម, អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០. ៩២ក្រាម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ក្រាម, កញ្ឆាក្រៀម ១៥៩,០៨ក្រាម និងឧបករណ៍កែឆ្នៃ ១ឈុត៕ ដោយ: រស្មី អាកាស

To Top