ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារបន្ដថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធយ៉ាងយឺតផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា «ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធដោយមូលហេតុ នៃការរីករាលដាលជំងឺកូវី៥-១៩ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារ កាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយ រួចផុតពីពិន័យទោសទណ្ឌដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ»។

អគ្គនាយកដ្ឋានពន្ធដារបន្ថែមថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស បង្កភាពងាយស្រួល និងចំណេញពេលវេលា ម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាសនឹងបង់ពន្ធ លើអចលនទ្រព្យតាមរយៈកម្មវិធីតាមទូរស័ព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពី Appstore ឬ Playstore៕

To Top