ភ្នំពេញ ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំវិធានបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទុកឲ្យហើយ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ នាពេលខាងមុខ ព្រោះ ប្រជាពលរដ្ឋចល័តពីតំបន់មួយ ទៅមួយទៀត។
ថ្មីៗនេះ រាជរដ្ឋាភិបាល ប្រកាសឲ្យឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ អាចដើរកម្សាន្តបាននៅទូទាំងប្រទេស តែត្រូវអនុវត្តវិធានការសុខាភិបាល។
ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យរួចរាល់ទុកជាមុខ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ នាពេលខាង មុខ។
លោកស្រីបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ មុនដល់ថ្ងៃត្រូវឈប់៣ថ្ងៃហ្នឹង គឺយើងត្រូវចាត់ ចែងរៀបចំពីឥឡូវឲ្យហើយ»។
លោកស្រីបន្ដថា អាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងរៀបចំ និងត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវបំផុត នៅផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋានជាដើម ក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ លោកស្រីថា បើសិនមានបុគ្គលណាមួយ មិនគោរពតាមវិធានការសុខាភិបាលទេ ត្រូវណែនាំដល់បុគ្គលនោះភ្លាមៗ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
លោកស្រីក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវ មុនទៅកន្លែងកម្សាន្ដណាមួយ បើមិនដូច្នោះទេ ជួបជុំគ្រួសារខ្លួនឯង ជៀសវៀងទៅខាងក្រៅ ជួបជុំមនុស្សច្រើនដែលអាចឆ្លងជំងឺកូវីដ-១៩ ប្រការណាមួយ។ លោកស្រីថា អាជ្ញាធរមូលដ្ឋាន ក៏ត្រូវរៀបចំមធ្យោបាយសាធារណៈឲ្យត្រឹមត្រូវ សម្រាប់ជូនប្រជាពលរដ្ឋដើរកម្សាន្ដ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១០,៧៩២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០១,៦៩០នាក់ និងអ្នកស្លាប់ ចំនួន២,២៨៧នាក់៕