ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃឡើងវិញ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ថា នឹងមានកំណើនខ្ពស់ ជាងមុន ក្នុងអត្រា២.២% ខណៈឆ្នាំ២០២២ នឹងបន្ដងើបឡើង ក្នុងរង្វង់ប្រមាណ៥% ។ នេះបើយោងតាមសេចក្ដីប្រកាសមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ច តាមប្រព័ន្ធវិដេអូ បូកសរុបផល នៃការវាយតម្លៃ លើស្ថានភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២១ ដោយក្រុមបេសកកម្មArticle IV នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ ដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម ព្រមទាំងមានការចូលរួម ពីលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
នាឱកាសនោះ លោក Alasdair Scott ប្រធានក្រុមបេសកកម្ម របស់មូល និធិរូបិយវត្ថុអន្តរជាតិ បានលើកឡើង ពីទស្សនវិស័យសេដ្ឋកិច្ច សកលដែលបានចេញផ្សាយ នាខែកក្កដា ដោយកំណើនសេដ្ឋកិច្ចសកល ស្ថិតក្នុងរង្វង់ ៦.០% ក្នុងឆ្នាំ២០២១ និង៤.៩% ក្នុងឆ្នាំ២០២២ ហើយការងើបឡើងវិញ នៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ នឹងមានល្បឿនខុសគ្នា ។
ជាមួយគ្នានេះ ជាលទ្ធផល នៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២,២% គាំទ្រដោយនិន្នាការល្អ ជាងការរំពឹងទុក នៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំ នៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និង ភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តងើបឡើង ក្នុងរង្វង់ប្រមាណ៥% ដោយសារការរំពឹងទុក ការបន្តងើបឡើង នៃតម្រូវការសកល, ការបន្តសក្តានុពលកំណើន នៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាល មិនមែន កាត់ដេរ និងការកើនឡើងសន្សឹមៗ នៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការ គោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស «ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩»។
ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់ក្រុមការងារ Article IV និងបានកត់សម្គាល់ ពីភាពប្រហាក់ប្រហែលគ្នា នៃការវាយតម្លៃស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមការងារមូល និធិរូបិយវត្ថុអន្តរជាតិ និងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕