ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរ ក្រសួងគ្រប់គ្រងការ លក់ផ្លាកលេខពិសេស បានឲ្យដឹងថា ចាប់ពីតាំងពីការលក់ ផ្លាកលេខពិសេសផ្ទាល់ខ្លួន កាលពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ចំនួន៧៥៧៨ផ្លាក និងទទួលថវិកា ចំនួន១៤,៩៧៨,១៥១ដុល្លារ។
នាឱកាសឆ្លើយតបសំណួរ របស់ប្រជាពលរដ្ឋ ក្រោមប្រធានបទ «ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទា ល់ខ្លួន សម្រាប់រថយន្ត» ក្នុងកម្មវិធី MPWT LIVE SHOW នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធដេអូ លោកស្រី កុយ សុដានី បានថ្លែងថា ថវិកាទទួលបានពីការ លក់ផ្លាកលេខពិសេស ឬផ្លាកលេខផ្ទាល់ គឺបង្វែលចូលថវិកាជាតិទាំងស្រុង បន្ទាប់មកទៀតបែងចែក លើកទឹកចិត្តជូនមន្ដ្រីរាជការ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោកស្រីបញ្ជាក់ថា «ចំពោះផ្លាកលេខពិសេសផ្ទាល់ខ្លួន យើងចាប់ផ្ដើមលក់ កាលពីខែមករា ឆ្នាំ២០២០ ទទួលបានការទិញពីបងប្អូនប្រជាពលរដ្ឋ គឺមានចំនួន៧៥៧៨ផ្លាក ដែលបានចូលរួមចំណែក ក្នុងការស្វែងរកចំណូល រហូតដល់ ប្រមាណ ១៤,៩៧៨,១៥១ ដុល្លារអាមេរិក»។
ដោយឡែក ចំពោះផ្លាកលេខពិសេស ចាប់ផ្ដើមលក់កាលពីឆ្នាំ២០១៦ រហូតដល់ពេលនេះ មានកំណើន ជាង១៧៩ពាន់ផ្លាក ហើយទទួលថវិកា ជាង៤៦លានដុល្លារ។
លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា ចំពោះការលក់ផ្លាកលេខពិសេស រយៈពេល ៩ខែ ឆ្នាំ២០២១ មានការថយចុះ បើធៀបនឹងឆ្នាំ២០២០ ដោយសារបញ្ហាកូវីដ-១៩។
លោកស្រី បានបញ្ជាក់ទៀតថា «ចំពោះ៩ខែ ឆ្នាំ២០២១ គឺយើងទទួលបានចំណូលប្រមាណ ៤៩ពាន់លានរៀល ហើយធៀប ៩ខែ ឆ្នាំ២០២០ គឺយើងទទួលបានរហូតដល់ ៥២ពាន់លានរៀល។ ដែលយើងឃើញថា ចំណូលនេះមានលក្ខណៈមួយថយចុះ ៤.២៨ភាគរយ»។
លោកស្រី ក៏បានសង្ឃឹមថា ការលក់ផ្លាកពិសេសនឹងអាចកើនឡើងវិញ បន្ទាប់ពីបញ្ហាកូវីដ-១៩ ត្រូវបានដោះស្រាយរួចរាល់ ៕