ព័ត៌មានជាតិ

វត្ថុបុរាណខ្មែរដ៏ល្អឯក ៥រូប ក្នុងចំណោមជាង ១០០រូប មកដល់កម្ពុជា ក្រោយបញ្ជូនពីអង់គ្លេស

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯក ចំនួន៥រូប ក្នុងចំណោម ជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ បានបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជាវិញហើយ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៩ កញ្ញា បានឲ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លីស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរ ក្នុងនោះ មានវត្ថុបុរាណខ្មែរ ជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ចូនត្រឡប់មក កម្ពុជាវិញជាបន្តបន្ទាប់។

ក្រសួងបន្ដថា «ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯក ចំនួន៥រូប ក្នុងនោះ មានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ធ) មកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ ត្រូវបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ កញ្ញា»។

ក្រសួងបន្ថែមថា រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុក នៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញ ធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×