ភ្នំពេញ: តុលាការកំពូល នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទណ្ឌកម្ម ពិរុទ្ធជន ជនជាតិបារាំងម្នាក់ និង ស្រី្តខ្មែរម្នាក់ ដែលជាគូស្នេហ៍នឹងគ្នា ដាក់គុក ក្នុងម្នាក់ៗ កំណត់២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តនៅភូមិសុវណ្ណសាគរ និង ភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត កាលពីអំឡុងឆ្នាំ ២០២០។
លោក អឿង សៀង ជាចៅក្រមរបាយការណ៍ បានថ្លែងអោយដឹងក្នុងសវនាការថា ជនជាប់ចោទទាំងពីរខាងលើនេះ មានឈ្មោះ Plasse Steve ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ កាណាដា សញ្ជាតិបារាំង និង ឈ្មោះ មិញ ស៊ាងលី ភេទ ស្រី អាយុ ៣៥ ឆ្នាំ។ អ្នកទាំងពីរ គឺជាគូរស្នេហ៍នឹងគ្នា។
លោកចៅក្រម បានបញ្ជាក់ថា ពួកគេទាំងពីរ ត្រូវបាន តុលាការខេត្តកំពត កាលពីថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់២ ឆ្នាំ និង ៦ខែ ពីបទ ” ប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់” នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ និង ៤៥ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ពួកគេទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសាលក្រមរបស់តុលាការខេត្តកំពត ទៅកាន់សាលាឧទ្ទរណ៍ខេត្តព្រះសីហនុ។ តែសាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ បានតម្កល់សាលក្រម របស់តុលាការខេត្តកំពត រក្សាទុកដដែល។ ពួកបានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ពួកគេទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២០ បន្ទាប់ពី សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឆ្មក់ចូលទៅក្នុងបន្ទប់ជួលរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅ សង្កាត់កំពង់កណ្ដាល ក្រុងកំពត។
សមត្ថកិច្ចនគរបាលជំនាញ រឹបអូសបាន ថ្នាំញៀនមួយចំនួន ៤ កញ្ចប់ និង សម្ភារៈប្រើប្រាស់គ្រឿងមួយចំនួនទៀត ពីពួកគេ៕
ដោយ រស្មី អាកាស