ព័ត៌មានជាតិ

ក្រសួងរ៉ែ ៖ ម្ចាស់នាវាលួចប្រេងឆៅ ជិត៣០ម៉ឺនបារ៉ែល ត្រូវបង្វិលប្រេង មកកម្ពុជាវិញ និងបោះបង់ ការទារប្រាក់

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យម្ចាស់នាវា MT Strovolos លួចប្រេងឆៅ ពីកម្ពុជា ចំនួន២៩៥.០០០បារ៉ែល ត្រូវបង្វិលសងមកឲ្យកម្ពុជា ដោយស្របច្បាប់ ព្រមទាំងបោះបង់ការទាមទារប្រាក់ ពីកម្ពុជា ព្រោះបញ្ហាវិវាទជារឿងម្ចាស់នាវា ជាមួយក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ប៉ុណ្ណោះមិនពាក់ព័ន្ធជាមួយកម្ពុជាឡើយ ។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានចាប់ខ្លួន ដោយ អាជ្ញាធរឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងការចោទ ប្រកាន់បទល្មើស ព្រហ្មទណ្ឌអំពីការលួចប្រេងឆៅ នៅលើនាវា ចំនួន២៩៥.០០០បារ៉ែល របស់កម្ពុជា ។

នាវា MT Strovolos ត្រូវបានចតនៅតំបន់គម្រោងប្រេងកាត អប្សរាបំពេញតួនាទីរបស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ ពេលដែលក្រុមនាវិក នៃនាវានេះ បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬអនុញ្ញាតណាមួយពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវ ប្រេងឆៅរបស់កម្ពុជាផងដែរ ។ ពេលចាកចេញនាវា MT Strovolos នេះ បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណ ស្វ័យប្រវត្តិ របស់ខ្លួន ដែលនាំឲ្យការស្វែងរកនាវានេះ មិនអាចធ្វើទៅបាន។

គួររំលឹកថា មូលហេតុ នៃការលួចដឹកប្រេងពីកម្ពុជា របស់នាវា MT Strovolos ក្រោយពីក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា រុករកប្រេងកាលពីដើមឆ្នាំ២០២១នេះ នៅឈូងសមុទ្រកម្ពុជានោះ បានប្រកាសក្ស័យធន ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រេងឆៅទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់កម្ពុជាគ្រប់ពេលវេលាទាំងអស់។ ការលួច ឬការរំលោភបំពានកម្មសិទ្ធិ លើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolas និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា ។

ក្រសួងបានបញ្ជាក់ថា «លើសពីនេះទៀត ពេលនេះពួកគេ គួរតែត្រូវរៀបចំបង្វិលសងប្រេងឆៅ មកឲ្យម្ចាស់ស្របច្បាប់ គឺព្រះរាជាណាចក្រកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាមណាមួយ ទាមទារប្រាក់ពីព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាដែលជាវិវាទ របស់ពួកគេជាមួយ និងក្រុមហ៊ុន គ្រីសអេនើជី»។

ក្រសួងសាទរ ចំពោះកិច្ចសហប្រតិបត្តិការ ដែលទទួលបានពីអាជ្ញាធរ ឥណ្ឌូណេស៊ី តាំងពីដើម រហូតដល់ ពេលនេះ និងអរគុណ ចំពោះការផ្តល់ជំនួយផ្នែកច្បាប់ របស់ពួកគេ ទាំងនេះបង្ហាញពីចំណងមិត្តភាព ល្អរវាង កម្ពុជា-ឥណ្ឌូណេស៊ី និងសហគមន៍អាស៊ានទាំងមូល៕

To Top
×