ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃកម្ពុជា បានថ្លែងពីភាពចាំបាច់ ដែលអាស៊ាន ត្រូវបន្ដពង្រឹង ស្មារតីសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយ បញ្ហាជាច្រើនទៀត ក្នុងក្របខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ។
ក្នុងពិធីប្រគល់-ទទួល តួនាទីជាប្រធានប្ដូរវេន រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ ឆ្នាំ២០២២ បន្ដពីប្រទេសព្រុយណេ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង បានសម្ដែងភាពរីករាយ ចំពោះតួនាទី ដ៏មានសារៈសំខាន់នេះ ដែលមិនត្រឹមតែជាមោទកភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំង ឲ្យឃើញនូវការចូលរួមចំណែក និងការទទួលខុសត្រូវ ចំពោះអនាគតរបស់សហគមន៍ ក្នុងនាមកម្ពុជា ជារដ្ឋសមាជិកអាស៊ាន ។
សម្ដេច បានបញ្ជាក់ថា «ភាពចាំបាច់ដែលអាស៊ានត្រូវបន្តពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងការជួយគ្នា ទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំង ទាំងបញ្ហាជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយបញ្ហា ជាច្រើនទៀត ក្នុងក្របខណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើស មិនប្រពៃណី ដែលកំពុងមានការកើនឡើងឥតឈប់ឈរ និងបង្កការគំរាមកំហែង ដល់សន្តិសុខផ្ទៃ ក្នុងប្រទេស និងតំបន់» ។
ក្នុងស្មារតីនេះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឲ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន លើការងារពង្រឹង ការអនុវត្តច្បាប់ និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាង មុតមាំចំពោះការបន្តគាំទ្រ និង ការជួយជ្រោមជ្រែង ពីសំណាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃ រដ្ឋសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋាន អាស៊ាន ដើម្បីផ្ដល់លទ្ធភាពដល់កម្ពុជា បំពេញតួនាទី ជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ (22nd SOMTC) និងកិច្ចប្រជុំ រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ (16th AMMTC) នៅឆ្នាំ២០២២ ប្រកបដោយ ប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត នៅក្រោម «សសរស្តម្ភសន្តិសុខនយោបាយ» ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួម និងបុព្វហេតុនៃសន្តិភាព វិបុលភាពសម្រាប់តំបន់អាស៊ាន ៕