ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ប្រាប់ទូតអាមេរិកថា គ្មានក្រុមហ៊ុនអាមេរិក មកដេញថ្លៃកសាងផ្លូវ តែចោទកម្ពុជាឲ្យចិន-កូរ៉េសាងសងទៅវិញ (Video)

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតអាមេរិកប្រចាំកម្ពុជាថា គ្មានក្រុមហ៊ុនអាមេរិក មកដេញថ្លៃកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាទេ តែបែរជាចោទកម្ពុជាឲ្យក្រុមហ៊ុនចិន-កូរ៉េ មកសាងសង់ផ្លូវទៅវិញ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនៃការ អនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្ដដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានរំលឹកជំនួបពិភាក្សាការងារជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នាពេលថ្មីៗនេះ ដោយលោក ស្នើអាមេរិក ផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីត្រួតពិនិត្យគុណភាពផ្លូវនៅកម្ពុជា។

លោកបញ្ជាក់ថា «ខ្ញុំបានស្នើសុំសហរដ្ឋអាមេរិក ណែនាំក្រុមហ៊ុនសាងសង់របស់គាត់ (លោកទូត) ឲ្យចូលរួមដាក់ដេញថ្លៃ នៅផ្លូវជាតិលេខ៥ ចំណាយ ៥០០លានដុល្លារសហរដ្ឋអាមេរិក ផ្លូវជាតិលេខ៤ ជាង១០០លានដុល្លារសហរដ្ឋអាមេរិក អត់មានក្រុមហ៊ុនសាងសង់ សហរដ្ឋអាមេរិកណាមួយសោះ មកដេញថ្លៃ។ អត់មានចូលរួមដេញថ្លៃ ក៏ប៉ុន្ដែចេះតែលើកឡើងថា កម្ពុជា ឲ្យតែក្រុមហ៊ុនប្រទេសផ្សេងៗ ក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េ មកសាងសង់ផ្លូវនៅកម្ពុជា ដោយគ្មានក្រុមហ៊ុន សហរដ្ឋអាមេរិកមកដេញថ្លៃ»។

លោករៀបរាប់ថា គម្រោងរបស់ធនាគារពិភពលោក មកកសាងផ្លូវជាតិលេខ៣ លេខ៧ ជាដើម ប៉ុន្ដែគ្មានក្រុមហ៊ុនអាមេរិក មកដាក់ដេញថ្លៃកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាទាល់តែសោះ។

លោកក៏បានសំណូមពរដល់ទូតអាមេរិក ផ្សព្វផ្សាយដល់ក្រុមហ៊ុនអាមេរិក មកដាក់ដេញថ្លៃកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ព្រោះកម្ពុជាស្វាគមន៍គ្រប់ បណ្ដាក្រុមហ៊ុនបរទេសទាំង៕

To Top