ព័ត៌មានជាតិ

៩ខែនេះ កម្ពុជា នាំអង្ករទៅក្រៅប្រទេស ថយចុះ ជិត៨ម៉ឺនតោន ធៀបឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះកម្ពុជា បាននាំអង្កេរ ចេញទៅក្រៅប្រទេស មានការថយចុះ ជិត៨ម៉ឺនតោន ស្មើ១៥.៩៧% បើធៀបនឹងឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ ស្ដីពី ស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ នេះ អង្ករមានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន នាំទៅកាន់ទិសដៅ ៦៨ប្រទេស ហើយកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។

ក្រសួងគូសបញ្ជាក់ថា “ការនាំចេញអង្ករ មានបរិមាណអង្ករ នាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន” ។

ក្រសួងលើកឡើងទៀតថា អង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុប ចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុប ចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%) ។

ក្រសួងក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនបាននាំចេញអង្ករមានចំនួន៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៩៩ ៥៣៣ តោន (៧២,៩៤%) និងក្រុមហ៊ុន៤៩ដទៃទៀត បាននាំចេញត្រឹមតែ ១១១ ១៦៥ តោន (២៧,០៦%)។

ចំពោះការនាំចេញស្រូវវិញ ក្រសួងកសិកម្ម ក៏បានឲ្យដឹងថា ការនាំចេញមានចំនួន ២ ៥២៣ ២៦៣ តោន ក្នុងរយៈពេល៩ខែឆ្នាំ២០២១ ទៅកាន់វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦២៧ ៧៤០,០២ តោន) ដែលមានការកើនឡើងចំនួន ១ ១៣០ ៩៥៧ តោន (៨១,២៣%) បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ១ ៣៩២ ៣០៦ តោន ៕ សំណាង

To Top