ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិត ដល់ម្ចាស់យានយន្ដដឹក លើសទម្ងន់ ចំនួន២២៩គ្រឿង ដែលរាជរដ្ឋាភិបាល សម្រេចដោះលែងនោះថា បើមិនទាន់បង់ប្រាក់ពិន័យត្រឹមត្រូវ តាមច្បាប់មុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ទេ នឹងចាត់វិធានការ តាមនីតិវិធីជាធរមាន ។
ការដាក់កំហិត របស់ក្រសួងសាធារណការ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសាធារណការ ផ្តល់រថយន្តចំនួន២២៩គ្រឿង ទៅម្ចាស់វិញ ក្រោយដឹកលើសទម្ងន់កំណត់ ចាប់ពី២០ភាគរយ ដែលត្រូវឃាត់ទុក១ឆ្នាំ។
យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលត្រូវបានឃាត់ទុក ហើយបានបង់ប្រាក់ពិន័យ រួចរាល់ហើយនោះ អាចមកទទួលយានយន្ត នៅតាមទីតាំង រក្សាទុកយានយន្ត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ព្រមទាំងធ្វើកិច្ចសន្យា លែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើកទម្ងន់កម្រិត កំណត់ជាលើកទី២ បន្តទៀត។
ក្រសួងបញ្ជាក់ថា «ដោយឡែក ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ដែលត្រូវបានឃាត់ទុក និងមិនទាន់បង់ប្រាក់ ពិន័យត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ និងបង់ប្រាក់ពិន័យឲ្យបានមុន ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មាធិការ ដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងចាត់វិធានការតាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ជាធរមាន»។
ក្រសួងបន្ដថា រាល់ការប្រគល់-ទទួលយានយន្ត ម្ចាស់ត្រូវមកទទួលនៅតាមទីតាំង ដែលបានឃាត់ទុក រហូតដល់ថ្ងៃ១៨ តុលា ឆ្នាំ២០២១ ដោយត្រូវភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ៕