ភ្នំពេញ ៖ រដ្ឋបាល ខេត្តព្រះសីហនុ នឹងចុះធ្វើការស៊ើបអង្កេត ឲ្យបានលម្អិតបំផុត ជុំវិញមានការ ផ្សព្វផ្សាយថា ថៅកែកាស៊ីណូ ដឺសេនជូរី បានបង្ខាំងបុគ្គលិក ចំនួន៤៣៧នាក់ អស់រយៈពេលជិត២ឆ្នាំ។
លិខិតរបស់រដ្ឋបាល ខេត្តនៅថ្ងៃ៣០ កញ្ញា បានឲ្យដឹងថា “ចំពោះការលើកឡើងថា មានការបង្ខាំង និងបង្ខំបុគ្គលិក ឲ្យធ្វើការនៅក្នុងកាស៊ីណូនេះ ដោយគ្មានការព្រមព្រៀង រដ្ឋបាលខេត្ត នឹងធ្វើការស៊ើប អង្កេត ឲ្យបានលម្អិតបំផុត ។ ករណីរកឃើញ មានប្រព្រឹត្តបទល្មើសនោះ រដ្ឋបាលខេត្តនឹងចាត់ការ ទៅតាមផ្លូវច្បាប់ ដោយគ្មានការ លើកលែងឡើយ” ។
សារព័ត៌មានកោះសន្តិភាពផ្សាយថា ជាបុគ្គលិកបម្រើការងារ នៅក្នុងកាស៊ីណូ ហ្គែមអនឡាញ មួយកន្លែងមានឈ្មោះ «ដឺសេនជូរី» ស្ថិតនៅអូរ២ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានថៅកែបង្ខាំង ឲ្យធ្វើការមិនឲ្យចេញក្រៅជិត២ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ និងមានម្នាក់ស្លាប់ ដោយជំងឺនេះផងដែរ ៕


