ព័ត៌មានជាតិ

ចាប់ផ្តើមផលិត អុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២១ នេះ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរ ការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

បើតាមប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត យិន ស៊ីណាត បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ គឺចាប់ផ្ដើមដំណើរការត្រឹមរយៈពេល ១២ម៉ោងប៉ុណ្ណោះ ពោលគឺ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់ ដោយហេតុថា ម៉ាស៊ីនផលិតអុកស៊ីសែននេះ មានសំឡេងខ្លាំង ម្យ៉ាងទៀតគឺត្រូវថែទាំម៉ាស៊ីននោះផងដែរ ។

លោកវេជ្ជបណ្ឌិត យិន ស៉ីណាត បានបញ្ជាក់ទៀតថា ក្រោយពេលបានសាកល្បង ម៉ាស៊ីនផលិតអុកស៊ីសែននេះ អាចមានសមត្ថភាព ផលិតអុកស៊ីសែនបាន ១០ បំពង់ ក្នុងរយៈពេល ១ម៉ោង ។

លោកវេជ្ជបណ្ឌិត បានរំលឹកដែរថា ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែនមួយគ្រឿងនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីជាភរិយា ដែលលោកទាំងពីរ បានសម្រេចផ្តល់ជំនួយម៉ាស៊ីនសម្រាប់ផលិតអុនស៊ីសែន មួយគ្រឿងនេះដល់ខេត្តកំពង់ចាម បន្ទាប់ពីមានការខ្នះខ្នែងយ៉ាងពេញទំហឹងពីលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់នៃមន្ទីរពេទ្យមេគង្គកំពង់ចាម៕

To Top