ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ គ្រឿងញៀនបានជាង ៣គីឡូក្រាម ចាប់ខ្លួនជនជាតិខ្មែរ ២នាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា. លោក យឹម សែនឧត្តម លោក ស៊ុន ពុធរស្មី នាយករងមន្ទីរ និងលោក តឹក សូនី នាយការិយាល័យ ក១០ មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ-ខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ចំនួន ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបាន សរុប ៣ គ.ក្រ ២១៥.៣៨ ក្រាម ក្នុងនោះរួមមាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម, អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៦៧.៨៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

To Top