ព័ត៌មានជាតិ

កម្ពុជា ចូលរួមក្នុង មហាព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក ឌុយបៃ ២០២០

ភ្នំពេញ ៖ កម្ពុជា ក្នុងនាមសមាជិក ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួម ក្នុងមហាព្រឹត្តិការណ៍ ពិភពលោកឌុយបៃ ២០២០ ដោយរៀបចំសាងសង់ពន្លាជាតិ លើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រ មានកម្ពស់ ២ជាន់។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។

ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់ បញ្ចូលគ្នានូវភាពល្បីល្បាញ ផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ថ្មីៗ នៅទីក្រុងឌុយបៃ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ព្រះអង្គម្ចាស់ ហ្សែគ មូហាម៉េត ប៊ីន រ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាព អារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់គណៈកម្មការរៀបចំពិព័រណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩។

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើង នៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ ។ ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។ តាមការរំពឹងទុក ពិព័រណ៍នេះ នឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។

សូមរំលឹកថា គោលដៅចម្បង ការរៀបចំតុបតែងពន្លាជាតិកម្ពុជា ឲ្យមានភាពទាក់ទាញ ដើម្បីកសាង នូវកេរ្តិ៍ឈ្មោះ របស់កម្ពុជា លើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយ នូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×