ព័ត៌មានជាតិ

សម្ដេច ស ខេង​ ប្រាប់ម្ចាស់រថយន្ត ដឹកអ្នកដំណើរ មិនត្រូវតម្លើងថ្លៃ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូល និងមិនត្រូវតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌព្រៃណីជាតិខ្មែរ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២២ កញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នាពេលថ្មីៗនេះ សម្ដេច ស ខេង បានឲ្យដឹងថា អ្នកបើកបរត្រូវបន្ថយល្បឿន របស់ខ្លួនទៅតាមច្បាប់កំណត់ និង តាមស្ថានភាពជាក់ស្ដែង។ ជាពិសេស អ្នកបើកបរត្រូវគោរពសិទ្ធអាទិភាព នៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿន នៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវទុ កសិទ្ធិឲ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ទៅមុខ ។

សម្ដេច បានបញ្ជាក់ថា «ចំពោះរថយន្ដដឹកអ្នកដំណើរ ឬរថយន្ដដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេស រថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវតម្លើងថ្លៃធ្វើដំណើរ ក្នុងឱកាសនេះទេ»។

សម្ដេច បានបន្ថែមថា មិនត្រូវបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬសារធាតុញៀន ហើយត្រូវចង់ចាំជានិច្ចនូវពាក្យស្លោក «បើពិសាគ្រឿងស្រវឹង កុំបើកបរ»។ សម្ដេចថា ស្ថានភាពស្រវឹង នឹងបង្កឲ្យអ្នកបើកបរ បាត់ការចង់ចាំ វរង្វងស្មារតីមិនអាចបញ្ជាយាន បានដោយសុវត្ថិភាព ងាយស្រួលនឹងការបង្កគ្រោះថ្នាក់ ចរាចរណ៍ដោយសារការបុកប៉ះ ៕

To Top