ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ តុលានេះ បានឲ្យដឹងថា នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់អាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពី ការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ជាពិសេសការ ផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេស មីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ ៕