ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញប្រកាស ចូលកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែងថ្មី

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី ជំនួសលោក ម៉ុម សារឿន ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

សូមជម្រាបថា ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែងថ្មី នាពេលព្រឹកនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង អនុវត្តវិធានសុខាភិបាលជាប់ជានិច្ច។

សូមរំលឹកថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងផ្ទេរភារកិច្ច អភិបាលខេត្ត ចំនួន ៧រូប រួមមាន ៖ ទី១-លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ,ទី ២-លោក ស្វាយ សំអ៊ាង ផ្ទេរ ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង ,ទី៣-លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី ,ទី៤-លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត ,ទី៥-លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់ ,ទី៦-លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង ,ទី៧-លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ និងទី៨-លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី៕

To Top