ព័ត៌មានជាតិ

ឃុំខ្លួន បុរសមេខ្យល់២នាក់ ពាក់ព័ន្ធការជួញដូរមនុស្ស ជិត១០០នាក់ ទៅធ្វើការខុសច្បាប់ នៅប្រទេសថៃ!!!!

ភ្នំពេញ ៖ បុរសសង្ស័យជាមេខ្យល់ជួញដូរមនុស្ស ចំនួនពីរនាក់ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២១នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់អោយឃុំខ្លួន និង បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការនាំមនុស្សជិត១០០នាក់ លួចឆ្លងដែនទៅធ្វើការ ជាកម្មករដាំដំឡូង និង កម្មករសំណង់ ដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ជាថ្នូរនឹងការទទួលប្រាក់ចំនួន៥.០០០បាត ក្នុងម្នាក់ៗ ពីពួកគេ។

មន្ត្រីកងរាជអាវុធហត្ថ ប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនត្រូវចោទទាំង២នាក់ ខាងលើនេះ មាន ឈ្មោះ វ៉ែន វឿ ន ភេទ ប្រុស អាយុ ៥៦ ឆ្នាំរស់នៅ ភូមិ សាមគ្គី មាន ជ័យ សង្កាត់ ក្រុង ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត មានឈ្មោះ ឈ្មោះ យ៉ុ ង វីរ : ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ចំការ គរ ឃុំ ស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនត្រូវចោទទាំងពីរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេច ចោទប្រកាន់ពីបទ: ការនាំចេញឆ្លងដែន ដោយមិនស្របច្បាប់ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងម្នាក់ៗ យ៉ាងតិច៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ពួកគេត្រូវបាន ចាប់ឃាត់ខ្លួន ដោយកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ បន្ទាប់ពីពួកបាននាំមនុស្ស ជិត១០០នាក់ តាមច្រករបៀង ទៅធ្វើការ ដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ខណៈពេលដែល រាជរដ្ឋាភិបាល បានបិទ និង ហាមឃាត់ការឆ្លងដែន ទៅធ្វើការនៅប្រទេសជិតខាង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត-១៩នោះ ៕

ដោយ រស្មី អាកាស

To Top