Covid-19

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់ពលរដ្ឋគ្រប់ៗគ្នា

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងសកម្មភាពយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ឲ្យមានលទ្ធផលល្អប្រសើរ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

លោក បានបញ្ជាក់ថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានដំណើរការល្អ ឆ្ពោះទៅសម្រេចបាន តាមគោលដៅរំពឹងទុក។ ទន្ទឹមនឹងនេះ យើងក៏សង្កេតឃើញមាន ការធ្វេសប្រហែសរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ក្នុងការអនុវត្តវិធានការ បង្ការការចម្លងវីរុសកូវីដ-១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញ នៅការចម្លងជំងឺ កូវីដ-១៩ នៅតាមខេត្តមួយចំនួន ហើយក្នុងនោះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុង ចំណោមបងប្អូន ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣,៤៤១,០៩៣នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×