Covid-19

ADB អនុម័តហិរញ្ញប្បទាន ៣០លានដុល្លារ ជួយពង្រឹងប្រព័ន្ធសុខាភិបាល និងឆ្លើយតបជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីការអនុម័តហិរញ្ញប្បទាន ចំនួន៣០លានដុល្លារ ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាល របស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើង នៃការឆ្លងថ្មី និងករណីក្នុងសហគមន៍ នៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌របស់ ADB នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ជំនួយនេះរួមមានប្រាក់កម្ចី ២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែម សម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគ នៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកចំនួន៨១ នៅទូទាំងប្រទេស។ វានឹងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការតាមប្រភពចម្លងជំងឺ នៅតាមភ្នាក់ងារសុខាភិបាលមជ្ឈឹម ខេត្ត និងស្រុក។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏ នឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អសេវាថែទាំបន្ទាន់ នៅមន្ទីរពេទ្យខេត្តចំនួន១៤។ វារួមបញ្ចូលទាំងការផ្តល់ ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជា រថយន្តសង្គ្រោះបន្ទាន់ បំពុងផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាល ដោយប្រើអុកស៊ីសែន ព្រមទាំងការបណ្តុះបណ្តាល បុគ្គលិកសុខាភិបាល ក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩ ។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានថ្លែងថា «ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស ។ គម្រោងនេះនឹងពង្រឹង ប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារ កំណត់មុខសញ្ញា និងឆ្លើយតបទៅនឹងកូវីដ១៩ ក៏ដូចជាការគំរាមកំហែង សុខភាពសាធារណៈផ្សេងៗ ដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់ លើសុខភាពនិងសង្គម និង រួមចំណែកដោយប្រយោល ក្នុងការកាត់បន្ថយភាពក្រីក្រ»។

កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍មានសភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១មក ។ដោយសារការគំរាមកំហែង ដែលបង្កឡើងដោយការ បំប្លែងខ្លួនថ្មីនៃមេរោគកូវីដ១៩ ដែលអាចឆ្លងរាលដាលលឿន ការគាំទ្រពីគម្រោងនេះ ដើម្បីពង្រឹងការឃ្លាំមើល ការឆ្លើយតបការផ្ទុះឡើង និងការផ្តល់ សេវាសុខភាព គឺទាន់ពេលវេលា។ គម្រោងនេះនឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាល ដាលនៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាល បុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និង គាំទ្រដល់ពលរដ្ឋដែលរងផល ប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត ៕

To Top