Covid-19

សម្ដេចតេជោ៖ ក្នុងចំណោមអ្នកស្លាប់ ដោយកូវីដពីម្សិល មានអ្នកមិនព្រមចាក់វ៉ាក់សាំង និងបំផុសមិនឲ្យគេមកចាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីម្សិលមិញ គឺមានអ្នកមិនព្រមចាក់វ៉ាក់សាំង និងបំផុសគេមិនឲ្យមកចាក់ជាដើម ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែល ស្រង់ប្រសាសន៍សម្តេចតេជោ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១មកផ្សាយ។

បើតាមហ្វេសប៊ុករបស់ រដ្ឋមន្រ្តីព័ត៌មានដដែល គឺសម្ដេចតេជោមានប្រសាសន៍ថា «ក្នុងចំណោមអ្នកដែលបាន ស្លាប់ដោយកូវីដ-១៩ ពីម្សិលមិញ មានអ្នកដែលមិនព្រមចាក់ និងបំផុសគេមិនឲ្យចាក់ ។ ក្រោយពីការស្រាវជ្រាវ ឃើញថា ឪពុកគាត់ និងគ្រួសារ មិនបានចាក់ដែរ»។

សម្ដេចតេជោបន្ដថា «យើងត្រូវពន្យល់អ្នកមិនទាន់ចាក់ ឲ្យគាត់យល់ពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំង ទោះជាគាត់នៅក្នុងក្រុមណាក៏ដោយ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣,៤៥៦,៨៧២នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៤,១៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៦,២៩២នាក់ និងអ្នកស្លាប់ ចំនួន២,៤៤១នាក់ ៕

To Top