ព័ត៌មានជាតិ

សាលាដំបូងភ្នំពេញ សម្រេចចោទប្រកាន់ សម រង្ស៊ី, អេង ឆៃអ៊ាង, មូរ សុខហូរ, ហូរ វ៉ាន់ ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យ មានភាពវឹកវរក្នុងសង្គម (Video)

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ បុគ្គលមួយក្រុម រួមមាន៖ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក មួរ សុខហួរ, លោក ហួរ វ៉ាន់ និងគួកន ពីបទរួម គំនិតក្បត់ និងបទញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការសម្រេចចោទប្រកាន់របស់ សាលាដំបូងរាជធានីភ្នំពេញ ស្របតាមមាត្រា ៤៥៣, មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុនៃសេចក្តីអំពាវនាវ របស់បុគ្គល លោកសម រង្ស៊ី ដែលបានបង្ហោះតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ៥ តុលា មានខ្លឹមសារបង្កប់នូវ «ការរៀបចំផែនការផ្ដួល រំលំរាជរដ្ឋាភិបាលកម្ពុជា» ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត ក្រោមឧបាយកល អំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៧ តុលា ។

អ្នកនាំពាក្យ នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ផែនការទុច្ចរិតក្នុងការញុះញង់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយ ក្រុមឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មួរ សុខហួរ ឈ្មោះ ហូ វ៉ន់ ព្រមទាំងពួកន គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ ដល់សន្តិសុខជាតិធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា នេះជាបទល្មើសថ្មីមួយទៀតហើយ ដែលដឹកនាំដោយលោក សម រង្ស៊ី ក្រោយពីតុលាការ កម្ពុជាបានចោទប្រកាន់ ក្រុមលោកជាច្រើនករណី ដោយសារតែទង្វើរបស់លោក សម រង្ស៊ី និងកូនចៅជំនិត ៕

To Top