ព័ត៌មានជាតិ

អង្គគណៈរដ្ឋមន្រ្តី អនុម័តលើសេចក្តីព្រាង កម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល

ភ្នំពេញ ៖ កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចអនុម័ត ទាំងស្រុងលើ “សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤”។

សេចក្តីព្រាង កម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិលនេះ មានគោលបំណង និង ដំណើរការរៀបចំ ផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ កម្មវិធីវិនិយោគ សាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ ដោយមានកត្តាចម្បង និង ស្ថានភាព ជាក់ស្ដែងពីរ សំខាន់គឺ ទី១- ការបង្ហាញពីទិន្នន័យ នៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយ មានចែងនៅ ក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ និងសម្រាប់ការ អនុវត្តគោល នយោបាយ ដែលមានចែងនៅក្នុងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

ទី២- តម្រូវការចំណាយ សរុបសម្រាប់ការ អនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ប្រមាណ ២៣ ៥០០លានដុល្លារអាមេរិក)។ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលមាននៅក្នុងជំពូកទី២ នៃផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានបង្ហាញអំពីវឌ្ឍនភាព ដែលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដល់ ដំណើរការ នៃការអភិវឌ្ឍ ចំណែកស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏បានប៉ះពាល់យ៉ាងខ្លាំង ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ៕

To Top