ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៤ នាក់ ពាក់ព័ន្ធអំពើហិង្សា វ៉ៃ បុរស៤ នាក់ផ្សេងទៀត របួស ក្នុងជម្លោះផឹកស៊ី នៅខេត្តមណ្ឌលគីរី

ភ្នំពេញ: សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងករណីហិង្សាបង្ករបួសស្នាម បណ្ដាលអោយបុរស៤នាក់ ផ្សេងទៀត រងរបួសស្រាល និង ធ្ងន់ ប្រព្រឹត្តនៅ ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៤ នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះ ទី១-ឈ្មោះ ប៉ាវ ផល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ , ទី ២- ឈ្មោះ ធួក ចំណាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ, ទី ៣- ឈ្មោះ ច្រាញ់ ពិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ , និងទី ៤- ឈ្មោះ ងាវ បិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ។

ពួកគេទាំង៤នាក់ រស់នៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ចំណែកឯ ជនរងគ្រោះ ៤នាក់មាន ទី១-ឈ្មោះ ខ្វើង មីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ, ទី២-ឈ្មោះ ខ្វើង ខត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ, ទី៣-ឈ្មោះ រិន សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ, និង ទី៤- ឈ្មោះ ឈិន ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ។

ជនរងគ្រោះ ៤នាក់ ក៏មានទីលំនៅ ក្នុងភូមិ-សង្កាត់-និងក្រុងជាមួយនឹងក្រុមជនល្មើស នៅក្នុងខេត្តមណ្ឌលគិរី ដែរ។

សមត្ថកិច្ចបានបញ្ជក់ថា មូលហេតុ នៃ អំពើហិង្សាខាងលើនេះ គឺ បណ្តាលមកពីជម្លោះពាក្យសម្តី ក្នុងការផឹកស៊ី និង ស្រវឹងស្រា នៅពេលកើតហេតុនោះ។

ក្រោយកើតហេតុ ជនរងគ្រោះ ៤នាក់ខាងលើ ត្រូវបានក្រុមគ្រួសាររបស់ពួកគេ ដឹកយកទៅមន្ទីពេទ្យ ដើម្បីព្យាបាលរៀងៗ ខ្លួន។

រីឯ ជនដៃដល់ទាំង៤នាក់ ឥឡូវនេះ ត្រូវបានឃាត់ខ្លួន និង បញ្ជូនទៅ អធិការនគរបាលក្រុងសែនមនោរម្យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ រស្មី អាកាស

To Top