ភ្នំពេញ ៖ តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាព សិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ក្នុងកិច្ចពិភាក្សា របស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ។
កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ដោយមានរដ្ឋចំនួន៣១ ចូលរួមថ្លែងបទអន្តរាគមន៍។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា គណៈប្រតិភូមកពីប្រទេស ចំនួន២២ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។
ជានេះទៅទៀត គណៈប្រតិភូ ជាច្រើនបានអបអរសាទរចំពោះអត្រាដ៏ខ្ពស់នៃចំនួនប្រជាជនកម្ពុជា ដែលបានចាក់វ៉ាក់សាំងរួច កម្មវិធីគាំពារសង្គមជាច្រើនសម្រាប់ក្រុមងាយរងគ្រោះ និងការបើកសាលាឱ្យសិស្ស-និស្សិតចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ឡើងវិញ រួមទាំងការចាក់វ៉ាក់សាំងការពារជូនគ្រូបង្រៀន និងក្មេងជំទង់។ វឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍមនុស្ស កំណើនផលិតផលក្នុងស្រុកសរុប អាត្រាអក្ខរកម្មខ្ពស់ និងអត្រាមរណភាពមាតានិងទារកទាប ក៏ត្រូវបានលើកឡើងផងដែរ។
គណៈប្រតិភូផ្សេងទៀត បានទទួលស្គាល់គំនិតផ្តួចផ្តើមសំដៅលើកកម្ពស់កំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ និងជំរុញភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។
អំទ្បុងពេល នៃកិច្ចសន្ទនាអន្តរសកម្មនេះ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងអំពីកិច្ចសន្ទនាកម្រិតខ្ពស់ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា និងអ្នករាយការណ៍ពិសេស ជាពិសេសជំនួបតាមប្រព័ន្ធវីដេអូ រវាងអ្នករាយការណ៍ពិសេសខាងលើ ជាមួយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។
តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានចោទសួរអ្នករាយការណ៍ពិសេសចំពោះការវាយតម្លៃដែលអះអាងថា ធ្វើឡើងដោយផ្អែកលើគោលការណ៍ យុត្តិធម៌ និងមិនលម្អៀង ខណៈពេលអ្នករាយការណ៍ពិសេសសំងំស្ងៀមឈឹង ចំពោះការកើនឡើងនូវការប្រើប្រាស់ភាសាស្អប់ខ្ពើម ការនិយាយបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ ពួនជ្រកក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ ដែលអាចបង្កឱ្យមានការបែកខ្ញែកក្នុងសង្គមប្រជាពលរដ្ឋ និងកំពុងវាយប្រហារលើគោលតម្លៃនៃបទដ្ឋានសិទ្ធិមនុស្ស៕