ភ្នំពេញ ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងថ្មី បានប្ដេជ្ញាចិត្តដោះស្រាយទំនាស់ដីធ្លី និងទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង លោក សុខ លូ បានប្ដេជ្ញាចិត្តចូលរួមចំណែក លើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោកថ្លែងទៀតថា «ក្នុងនោះនឹងខិតខំ និងបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្តពង្រឹងផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅគ្រប់មូលដ្ឋាន»។
ជាងនេះទៅទៀត លោកអភិបាលខេត្តបាត់ដំបងថ្មី ក៏បានប្ដេជ្ញាបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អ ជាមួយរដ្ឋបាលខេត្តជាប់ព្រំប្រទល់ និងរដ្ឋបាលខេត្តដទៃ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា។ ជាពិសេស ធានានិរន្តរភាពកិច្ចការ រដ្ឋបាលសាលាខេត្ត និងជំរុញការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញចូលតែមួយ និងតាមយន្តការ នៃការផ្តល់សេវាផ្សេងៗទៀត ឲ្យបានកាន់តែល្អប្រសើរ៕