ព័ត៌មានជាតិ

ពលរដ្ឋជិត៥០គ្រួសារ នៅជាយដែនថៃ ទទូចឲ្យអាជ្ញាធរ ដោះស្រាយបញ្ហា គ្មានអគ្គិសនីប្រើប្រាស់ ខណៈខ្សែភ្លើងអូសកាត់ លើដំបូលផ្ទះជាច្រើនឆ្នាំ (Video)

បាត់ដំបង៖ បងប្អូនប្រជាពលរដ្ឋជិត៥០គ្រួសារ រស់នៅជាយដែនកម្ពុជា-ថៃស្ថិតក្នុង ភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង កំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ ខណៈបង្គោលភ្លើង និងខ្សែរភ្លើងបានរាយកាត់ដំបូលផ្ទះ ជិត៥ឆ្នាំហើយ ដោយអ្នករស់នៅ ភូមិខាងលើ និងភូមិខាងក្រោម បានទទួលភ្លើងប្រើប្រាស់ គ្រប់គ្រាន់ អត់តែកណ្ដាលភូមិ ហើយបងប្អូនប្រជាពលរដ្ឋ មានការងឿងឆ្លល់ បានស្នើទៅអាជ្ញាធរ ស្រុក ឬខេត្តជួយពិនិត្យ និងដោះស្រាយជូនពួកគាត់ផងនោះ។

ប្រជាពលរដ្ឋនៅក្នុងភូមិអូរចំបក់ បានឱ្យដឹងថា គ្រួសារដែលគ្មានអគ្គិសនី ប្រើប្រាស់មានប្រមាណ ជិត៥០គ្រួសារ ដោយពួកគាត់ធ្លាប់បានស្នើរទៅកាន់លោកមេភូមិ និងក្រុមការងារដែលដើរ យកប្រាក់ថ្លៃសេវា ប្រើប្រាស់ជាច្រើនដងហើយ តែគ្មានការឆ្លើយតបអ្វីឡើយ ហើយចំណែកប្រជាពលរដ្ឋរស់នៅ ភូមិខាងលើ និងភូមិខាងក្រោមគេ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខុសអ្វីតែប៉ុន្មានគ្រួសារនេះ រស់នៅកណ្ដាលគេ គ្មានអគ្គិសនីប្រើដូចគេដែរនោះ។

ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់បានទៅស្នើរសុំដល់ភូមិ ឃុំជាច្រើនដង ហើយមេភូមិ មេឃុំ តែងតែឆ្លើយតបមកដដែលៗថា ចាំជួយដោះស្រាយ តែគ្មានលិទ្ធផលអ្វីសោះ រហូតដល់បច្ចុប្បន្ននេះ។

បងប្អូនប្រជាពលរដ្ឋបន្តថា ពួកគាត់ក៏ធ្លាប់ស្នើរផ្ទាល់ ទៅកាន់ក្រុមការងារ ដែលតែងតែដើរប្រមូលប្រាក់ថ្លៃសេវា ប្រើប្រាស់ជាច្រើនដងផងដែរ តែពួកក្រុមការងារសន្យាថា ថ្ងៃនេះថ្ងៃនោះ រហូតមកទល់ពេលនេះ មិនទាន់បានឃើញផលអ្វីទេ ខណៈបង្គោលភ្លើង បានដាក់នៅលើដី របស់ប្រជាពលរដ្ឋក្នុងភូមិ និងខ្សែរភ្លើងបានរាយកាត់លើ ដំបូលផ្ទះ រយៈពេលជិត ៥ឆ្នាំមកហើយនោះ ។

ទាក់ទងនឹងបញ្ហាប្រជាពលរដ្ឋខ្វះខាតអគ្គិសនីប្រើប្រាស់នេះ លោក ទ្រី សុខឃឿន មេភូមិអូរចំបក់បានថ្លែងឱ្យដឹងថា លោកតែងតែទទួលបាន សំណើរពីប្រជាពលរដ្ ឋជាញឹកញាប់ពិតមែន ហើយលោកបានខិតខំស្វះស្វែងស្នើរទាំងផ្ទាល់ម៉ាត់ក្នុងកិច្ចប្រជុំ និងដាក់ស្នើរទៅកាន់ថ្នាក់លើផងដែរតែមិនមានការឆ្លើយតបអ្វីល្អសោះចំពោះបញ្ហាអគ្គិសនីនេះ ។ លោកមេភូមិបានបញ្ជាក់ទៀតថា «ចំពោះអគ្គិសនី ប្រើប្រាស់នៅក្នុងភូមិអូរចំបក់នេះ គឺក្រុមហ៊ុនរបស់លោក ស៊ីន ឃីម ជាអ្នកគ្រប់គ្រងដ ូចនេះហើយបញ្ហាជាក់ស្ដែង យ៉ាងណានោះ មិនដឹងថាក្រុមហ៊ុន គិតដូចម្ដេចឡើយ »។

យ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋ បានស្នើរយ៉ាងទទួចសុំឱ្យ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តបាត់ដំបងតែម្តង សូមមេត្តាជួយដោះស្រាយ បញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់នេះ ឱ្យបានឆាប់រហ័សផងដែរ ដោយសាររាល់ថ្ងៃ គឺពិបាកនឹងរកកន្លែង បញ្ចូលអាគុយ ចំណែកអ្នកប្រើប្រាស់សូឡាព្រះអាទិត្យ ក៏ពិបាកខ្លាំងពេលមេឃស្រទុំ គ្មានពន្លឺព្រះអាទិត្យ ជាដើមនោះ។

ប្រជាពលរដ្ឋ បានដាក់ក្ដីសង្ឃឹមថា នឹងទទួលបាននូវអគ្គិសនី សម្រាប់ប្រើប្រាស់ មុនពេលបោះឆ្នោត ឈានចូលមកដល់នាពេលខាងមុខ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៧ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា ការដោះស្រាយបញ្ហាទឹក និងអគ្គិសនីត្រូវដោះស្រាយឱ្យបានម៉ត់ចត់ ហើយទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាអគ្គិសនីកម្ពុជា ក្រសួងរ៉ែ និងថាមពល តាមរយៈក្រុមហ៊ុនអគ្គិសនី ត្រូវបន្តការខិតខំ តបណ្ដាញភ្លើង និងទឹកទៅតាមទីឆ្ងាយផងដែរ៕

To Top