ភ្នំពេញ ៖ លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានឲ្យដឹងថា រដ្ឋាភិបាលស៊ែប៊ី កំពុងពិចារណា បើកស្ថានបេសកកម្មរបស់ខ្លួន នៅតំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ខណៈបំណាច់ឆ្នាំនេះ ស៊ែប៊ីនឹងបញ្ជូនគណៈប្រតិភូ ទៅទស្សនកិច្ចបណ្តាប្រទេស ក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាពីបញ្ហានេះ ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោករដ្ឋមន្រ្តីការបរទេសស៊ែប៊ី នីកូឡា សេឡាកូវិច នៅទីស្តីការក្រសួងការបរទេសស៊ែប៊ី និងចូលរួមកិច្ចប្រជុំជាន់ខ្ពស់ រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្ស សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
អ៊ុច បូររិទ្ធ និងលោក នីកូឡា សេឡាកូវិច បានពិភាក្សាផ្លាស់ប្តូរមតិគ្នា ដោយផ្តោតសំខាន់លើចំណង មិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយផ្លែផ្ការរវាងប្រទេសទាំងពីរ ពូនជ្រុំដោយអតីតអ្នកដឹកនាំ ដ៏ឆ្នើមប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្ត របស់ភាគីទាំងពីរក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី រក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ល។ ដើម្បីផលប្រយោជន៍រួម នៃប្រជាជាតិទាំងពីរ។
រដ្ឋមន្ត្រីការបរទេសស៊ែប៊ី បានបញ្ជាក់ថា រដ្ឋាភិបាលខ្លួនបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍ យ៉ាងកក់ក្តៅដំណើទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មកស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។
ដើម្បីបញ្ជាក់ពីការទំនាក់ទំនងកាន់តែស៊ីជំរៅទៀតនោះ លោករដ្ឋមន្ត្រី នីកូឡា បញ្ជាក់បន្ថែមថា «រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណា បើកស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះ រដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូ របស់ខ្លួនទៅទស្សនៈកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ» ។
ពាក់ព័ន្ធនិងកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការចំពោះអ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការរវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ែប៊ីនឹងផ្តល់សន្យាប័ន ក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ វិស័យការទូតសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែ រីកចម្រើនថែមទៀត និងឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ៕