ព័ត៌មានជាតិ

The Guardian សោកស្តាយចំពោះអត្ថបទខ្លួន សរសេរខុសធ្វើឲ្យប៉ះពាល់ កិត្តិយសសម្តេចតេជោ (Video)

ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញ ប្រតិកម្មលើអត្ថបទសារព័ត៌មានដឺហ្គាឌីយែន (the Guardian) របស់ចក្រភពអង់គ្លេស ដែលបានសរសេរខុសធ្វើឲ្យ ប៉ះពាល់ដល់តម្លៃ និងកិត្តិយសសម្តេចតេជោនោះ លោក អេលីសាបែត រីបប៊ែន (Elisabeth Ribbans) អ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន របស់សារព័ត៌មាននេះ បានបង្ហាញការសោកស្តាយ ដែលធ្វើឲ្យប៉ះពាល់សម្តេច ។

យោងតាមលិខិតផ្ញើ មករដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ ដែលបង្ហាញជាសាធារណៈ នាថ្ងៃ១១ តុលានេះ លោក អេលីសាបែត រីបប៊ែន បានទទួលស្គាល់ពីកំហុសឆ្គង របស់បុគ្គលិកខ្លួន ។ លោកថា ចំពោះអត្ថបទនោះត្រូវបាន កែសម្រួលរួចរាល់ហើយ ។

លិខិតបញ្ជាក់ថា “ស្មេរអត្ថបទមានការសោកស្ដាយ ដោយបង្កឲ្យមានការបារម្ភដល់ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានសរសេរលិខិតទៅកាន់ អ្នកគ្រប់គ្រងសារព័ត៌មាន the Guardian ។ ការសរសេរនេះ បន្ទាប់ពីសារព័ត៌មាន The Guardian កាលពីថ្ងៃ៣ តុលា បានសរសេរថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោម ជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែន ប្រទេសសាយប្រឺស» ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ត្រូវជួបពិភាក្សាគ្នា ជាមួយ រដ្ឋមន្ដ្រីបរទេស ឬរដ្ឋមន្ដ្រីយុត្តិធម៌ប្រទេស សាយប្រឺស (Cyprus) តាមប្រព័ន្ធវិដេអូ ក្នុងពេលឆាប់ៗនេះ ទោះបីជាសារព័ត៌មាន The Guardian កែអត្ថបទចេញផ្សាយរបស់ខ្លួនក៏ដោយ ព្រោះប៉ះពាល់មុខមាត់ប្រទេសទាំងពីរ។

ដោយសាររឿងនេះ សម្តេចតេជោ បានស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះចូលទៅ ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់” ។

ក្រោយការប្រកាសរបស់សម្តេចតេជោ កាលពីថ្ងៃ៦ តុលា គណៈរដ្ឋមន្ត្រីក៏បានកំណត់យកថ្ងៃ៨ តុលា ប្រជុំពេញអង្គពិភាក្សា និងពិនិត្យលើការធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ ហើយនៅថ្ងៃ១១ តុលានេះ ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គ ពិនិត្យនិងរៀបចំសេចក្ដី ក្រាបបង្គំទូលថ្វាយមតិ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះមហាក្សត្រ ។ ដោយក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ការស្នើសុំវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញនូវមាត្រាមួយចំនួន អាចធ្វើបាន ស្របតាមបរិបទស្ថានការណ៍ជាក់ស្តែង មិនបានប៉ះពាល់អ្វីឡើយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×