ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាអាជ្ញាធរ បើកចំហរ ទទួលសំណើពីពលរដ្ឋ ដើម្បីដោះស្រាយ ជូនពួកគាត់ភ្លាមៗ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបើកចំហទទួលយកសំណើ និងការលំបាកនានា របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនពួកគាត់ភ្លាមៗ កុំទុកអូសបន្លាយយូរ ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេច ស ខេង បានណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្ដគ្រប់គ្រងតាមមូលដ្ឋាន ដើម្បីដាក់ចេញ និងទប់ស្កាត់ឲ្យទាន់ពេលវេលា នូវសកម្មភាពអសន្ដិសុខក្នុងសង្គម ជាពិសេស ត្រូវបកស្រាយជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នូវព័ត៌មានមិនពិត ។

សម្ដេចមានប្រសាសន៍ថា «ក្នុងឋានៈយើងជាអាជ្ញាធរ ជាអ្នកមានអំណាច យើងចាំបាច់ ត្រូវតែបើកចំហ និងហ៊ានបើកចំហ ដើម្បីផ្ដល់ឱកាសជូន ប្រជាពលរដ្ឋដែលមានបញ្ហា ឲ្យយើងជួយគាត់ ដើម្បីដោះស្រាយបញ្ហានោះ ។ យើងមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មាន ដែលបញ្ហាពីការពិត កាលណាយើងធ្វើដូច្នោះ យើងពិតជា នឹងជួបបញ្ហា ហើយលទ្ធផលចុងក្រោយ នឹងទៅយ៉ាងម៉េច? បានន័យថា ប្រជាពលរដ្ឋ ដែលមានបញ្ហាមិនត្រូវ បានដោះស្រាយ ឬមួយក៏ត្រូវបានដោះស្រាយ ក៏ប៉ុន្ដែមិនយុត្តិធម៌» ។

សម្ដេច បានបញ្ជាក់ថា អំណាចចេញពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌប្រទេសមួយ ប្រកាន់របបប្រជាធិតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋតែងតែប្រើនូវ សិទ្ធិអំណាច របស់គាត់តាមរយៈការបោះឆ្នោត «ផ្ដល់សេចក្ដីទុក្ខចិត្ត ឬមិនផ្ដល់សេចក្ដីទុក្ខចិត្ត» នោះហើយ គឺប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគាត់។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង ក៏បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវការពារធនធានធម្មជាតិ ដោយសារភូមិសាស្ដ្រខេត្តកំពង់ធំ មួយផ្នែកគ្របដណ្ដប់ ដោយតំបន់ការពារ និងតំបន់អភិរក្ស ដែលតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃ ដីតំបន់ការពារ និងតំបន់អភិរក្សដោយខុសច្បាប់ រួមទាំង តំបន់អភិរក្សជលផល ដែលមានបទល្មើសនេសាទ ផងដែរ៕

To Top