ព័ត៌មានជាតិ

​កូវីដ១៩ ជាបញ្ហាប្រឈម​ ក្នុងការចុះឈ្មោះបោះឆ្នោត​ តែ​ គ.ជ.ប មានវិធានការការពារ

ភ្នំពេញ​ ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានឲ្យដឹងថា​ ករណីកូវីដ-១៩ ជាបញ្ហាប្រឈម​ ក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ​ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប នាថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២១​ គ.ជ.ប បានបំភ្លឺទៅនឹងការលើកឡើងរបស់ភាគីពាក់ព័ន្ធ​ ថា​ «ករណីកូវីដ-១៩ ជាបញ្ហាប្រឈមក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែ គ.ជ.ប មានវិធានការ ការពាររួចហើយ។ គ.ជ.ប សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានជួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ-១៩»។

គ.ជ.ប បានបន្ដថា ចំពោះការិយាល័យចុះឈ្មោះបោះឆ្នោត បានបង្កើតថែមសម្រាប់ ឃុំ-សង្កាត់ ដែលទើបបង្កើតថ្មី ចំនួន ៦ ដោយផ្អែកលើចំនួនប្រជាពលរដ្ឋ។

គ.ជ.ប បានបន្ថែមថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្រោយឆ្នាំ២០១៦ ឈ្មោះរបស់គាត់ ប្រាកដជាមានក្នុងបញ្ជីបោះឆ្នោត ដើម្បីឱ្យជាក់ច្បាស់សូមឆែកមើលក្នុងគេហទំព័រ voterlist.nec.gov.kh ឬតាម App-Voterlist KH ។ ម៉្យាងទៀតប្រសិនបើគាត់ទទួលបានលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ក៏ប្រាកដថាគាត់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដែរ។

គ.ជ.ប បានបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋផ្លាស់ប្តូរទីលំនៅ ហើយចង់បោះឆ្នោតនៅក្នុង ឃុំ-សង្កាត់ ដែល គាត់កំពុងរស់នៅ គាត់ត្រូវតែបំពេញលក្ខខណ្ឌ ដើម្បីសុំចុះឈ្មោះបោះឆ្នោតនៅក្នុង ឃុំ-សង្កាត់ នោះ។

នាឱកាសនោះដែរ​ លោក​ មាន សទិ ក៏បានសំណូមពរដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ ថ្នាក់ ប្រជា ពលរដ្ឋ អ្នក ចុះឈ្មោះ បោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវ យកចិត្ត ទុកដាក់ ខ្ពស់ ក្នុង ការ ថែរក្សា អនាម័យផ្ទាល់ខ្លួន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និង គ.ជ.ប ដែល បាន ដាក់ចេញ ឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

To Top