នយោបាយ

ព្រះមហាក្សត្រ យល់ស្រប តាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ក្នុងការធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ សញ្ជាតិខ្មែរតែមួយ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យល់ស្របតាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ សញ្ជាតិខ្មែរតែមួយគត់ ។

យោងតាមព្រះរាជសាររបស់ ព្រះមហាក្សត្រ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មានខ្លឹមសារថា «សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលនូវលិខិត របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ស្តីពីមតិ របស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិត ធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ដើម្បីកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា «ខ្ញុំសូមប្រគល់ជូនសម្តេចតេជោ នូវលិខិតរបស់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី»

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា ច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយ របស់ប្រធានរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ ឆ្លងផុតគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២១ ៕

To Top