ព័ត៌មានជាតិ

ADB ៖ ការបន្តជួយវិស័យធនធានទឹក នៅតែជាអាទិភាពរបស់ ADB សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានឲ្យដឹងថា ការបន្តជួយវិស័យធនធានទឹក ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោកស្រីប្រធានស្ថានតំណាង ADB ប្រចាំកម្ពុជា បានរាយការណ៍អំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣ ដើម្បីបន្តរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា និងជំរុញកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខជានិច្ច។

លោកស្រីបញ្ជាក់ថា «ការបន្តជួយសម្រាប់វិស័យធនធានទឹក ដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែជារបៀបវារៈសំខាន់ និងជាអាទិភាពរបស់ ADB ដែលកិច្ចការនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាពផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម ដែលផ្នែកទាំងនេះ បានកំណត់ក្នុងយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣»។

ជាការឆ្លើយតប លោក លឹម គានហោ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា រហូតមកដល់ពេលនេះ។ លោកថា សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការកសាងសមត្ថភាព ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក ដូចជា ផ្នែកធារាសាស្រ្ត ជាដើម។

ជាងនេះទៅទៀត លោករដ្ឋមន្រ្តី ក៏បានជំនឿយ៉ាងមុតមាំថា ADB នៅតែជាដៃគូគាំទ្រ និងសហប្រតិបត្តិការមួយដ៏សំខាន់របស់កម្ពុជា សម្រាប់ការបន្តជួយលើការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែខ្លាំងថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ហើយក្រសួងធនធានទឹក និងឧតុនិយម ត្រៀមខ្លួនជាស្រេចបន្តធ្វើការជាមួយ ADB ដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា ប្រកបដោយចីរភាព ៕

To Top