ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ អ្នកស្លាប់ដោយកូវីដ-១៩ មួយចំនួនធំ សុទ្ធតែអត់បានចាក់វ៉ាក់សាំង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសង្កេតឃើញថា អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ មួយចំនួនធំ សុទ្ធតែអ្នកអត់ បានចាក់វ៉ាក់សាំង ការពារ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា មានអ្នកខ្លះ ឆ្លងជំងឺកូវីដ-១៩ ឈឺតែរយៈពេល៤-៥ថ្ងៃប៉ុណ្ណោះ ហើយធ្វើឲ្យមានសភាព ធ្ងន់ធ្ងរ ដោយសារមិន បានចាក់វ៉ាក់សាំងការពារ ខណៈមានអ្នកស្លាប់ជារៀង រាល់ថ្ងៃ ដោយសារជំងឺនេះ ។

លោកស្រីបញ្ជាក់ថា «អ្នកខ្លះឆ្លងរយៈពេល៤-៥ថ្ងៃ ឆ្លងជំងឺកូវីដ-១៩ ស្រាប់តែវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ដោយសារអ្វី? ដោយសារគាត់អត់ចាក់វ៉ាក់សាំង ហើយយើងសង្កេតឃើញថា អ្នកស្លាប់មួយចំនួនធំ គឺសុទ្ធតែអ្នកអត់បានចាក់វ៉ាក់សាំង ចឹងការវិវឌ្ឍរបស់គាត់ គឺលឿន»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៥.៣៣៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៨.៨០២នាក់ និងអ្នកស្លាប់ ចំនួន២.៥៤៤នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣.៥១០.២៨៥នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×